ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកឡើងគម្រោង ចែកចាយវ៉ាក់សំាងប្រឆាំងកូវីដ-​១៩ ទូទាំង​៥០រដ្ឋ

ចែករំលែក៖

​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) នៅថ្ងៃទី ២ ខែកញ្ញាបានស្នើមន្ត្រីសុខាភិបាល​រដ្ឋទាំង​៥០របស់អាមេរិក​ត្រៀមលក្ខណៈទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនឹងចែកចាយ​ដល់ក្រុមពលរដ្ឋដែលប្រឈមការឆ្លងរាលដាលខ្ពស់​។ តាមគម្រោងនៅចុងខែតុលា​ ខាងមុខ អាមេរិកនឹងចែកចាយវ៉ាក់សាំង​ជាផ្លូវការ​។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការចែកចាយនៅចុងខែតុលា ហើយនៅថ្ងៃទី​៣ដើមខែវិច្ឆិកានោះគឺជាពេលវេលាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក​។ លោកត្រាំសង្ឃឹមថា​វ៉ាក់សាំងគឺជាអាវុធសំខាន់សម្រាប់យកឈ្នះគូប្រជែង​ក្នុងការបោះឆ្នោត បន្តដឹកនាំអាមេរិក​មួយអាណត្តិទៀត។ ក្តីសង្ឃឹមដើម្បីយកឈ្នះរបស់លោកត្រាំ គឺវ៉ាក់សាំងទាំងនោះ ដូច្នេះលោកត្រាំខិតខំបញ្ចេញឲ្យទាន់ពេលវេលា​។
លោកត្រាំបានសន្យា​ចំណាយប្រាក់រាប់សិបពាន់លានដុល្លារ​ដើម្បី​អភិវឌ្ឍនិងផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ចែកចាយដល់ពលរដ្ឋ​។ បច្ចុប្បន្នអាមេរិក មានអ្នកស្លាប់ដល់ទៅ​ជាង​១៨៩ពាន់នាក់​​ និងឆ្លង​ជាង​​៦,២លាននាក់​។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា​ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានផ្តល់ឲ្យបណ្តារដ្ឋ​នូវគម្រោង​ ​សហការចែកចាយវ៉ាក់សាំង​មានកម្រិត នៅចុងខែតុលា និង​ខែវិច្ឆិកា។
នៅពេលនេះដែរ ក្រុមអ្នកជំនាញឱសថរបស់អាមេរិកកំពុងតែវាយតម្លៃ ថាតើប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ណាដែល មានប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់ប្រើប្រាស់បាននៅខែវច្ឆិកាឬខែធ្នូ ឆ្នាំ​២០២០នេះ៕ដោយ៖ធី រីណា


ចែករំលែក៖