ភ្នំពេញ ៖ ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២ខែ កញ្ញា ឆ្នាំ ២០២០។
ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែជាទីស្រលាញ់របស់កូន ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ !»។ភ្លាមៗក្រោយឃើញការបង្ហោះនេះក៏ត្រូវបានមហាជនជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេលដែលសិល្បករជាច្រើននាក់ក៏បានចូលខមិនរំលែកទុក្ខ ដោយក្នុងនោះលោក ប៉ែន ចំរ៉ុងតារាសម្ដែង និងពិធីករល្បីឈ្មោះបានចូលរួមដោយសំណេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខផងបង និងសូមអោយវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុគតិភពផងចុះ»។ លោកចារិទ្ធីក៏បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់អ្នកគាំទ្រ និងសិល្បករទាំងអស់ផងដែរ៕ ដោយ៖ វឌ្ឍនា