ព័ត៌មានទាន់ហេតុការណ៍៖

បុរសពីរនាក់​និងក្មេងប្រុសម្នាក់​រងរបួសធ្ងន់​ ខណៈជិះម៉ូតូឌុបគ្នាលឿនពេកចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តបែនដឹកដីពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖​ បុរសពីរនាក់និងក្មេងប្រុសម្នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់​ក៏ជ្រុលទៅបុករថយន្តបែនដឹកដីចង្កូតស្ដាំចំពីមុខពេញទំហឹង​បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់​កាលពីវេលាម៉ោង ១និង ៤០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០២០ ស្ថិតនៅផ្លូវបេតុងក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ។

​ អ្នកបើកបររថយន្តមានឈ្មោះ ទួន ពៅ ភេទប្រុស អាយុ ២២ឆ្នាំស្នាក់នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់និងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ទៀត​ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GV-8464 តាមផ្លូវបេតុងខាងលើក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបែនដឹកដីចង្កូតស្ដាំដែលបានបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង​ បណ្តាលឲ្យបុរសពីរនាក់និងក្មេងប្រុសអាយុ៤ឆ្នាំម្នាក់រងរបួសធ្ងន់​ ។ ដោយសារប្រជាពលរដ្ឋបានឃើញក្មេងប្រុសអាយុ៤ឆ្នាំមានសភាពធ្ងន់ធ្ងរខ្លាំងពេកក៏បានដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនដែលនៅក្បែរនោះភ្លាមៗ ចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ដែរក៏ត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជន​ដឹកយកទៅសង្គ្រោះតាមក្រោយ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូ​ទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖