អន្តរជាតិ៖ ខណៈដែលព្យុះកំណាចទីហ្វុងម៉ៃសាក់ (Maysak) កំពុងបោកបក់នឹងវាយប្រហារប្រទេសជប៉ុន នៅក្បែរៗតំបន់ដែនសមុទ្រចិនខាងកើត (East China Sea) បានធ្វើឲ្យនាវាដឹកសត្វគោពីនូវែលហ្សេឡង់មួយគ្រឿងបាត់ខ្លួន ។ ភ្លាមៗក្រុមឆ្មាំការពារដែនសមុទ្រនៃប្រទេសជប៉ុន បានចេញអន្តរគមន៍ស្វែងរក ហើយបានសង្គ្រោះមនុស្សម្នាក់ ដែលជាកម្មករបម្រើការងារ នៅលើនាវាដឹកសត្វគោនោះ ។
បើតាមទីភ្នាក់ងារសារព័ត៍មាន CNA បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះថា នាវាដឹកសត្វគោខាងលើនេះមានឈ្មោះថាហ្គោហ្វ ឡៃហ្វស្តុក ១ (Gulf Livestock 1) បានចាកចេញពីកំពុងផែ ណាភឺយឺ (Napier) នៃប្រទេសនូវែលហ្សេឡង់កាលពីថ្ងៃទី១៤ ខែសីហាដោយមានដឹកសត្វគោចំនួន ៥,៨៦៧ក្បាល និងក្រុមមនុស្សបម្រើការងារនៅលើនោះទាំងអស់ ៤៣នាក់ ដែលភាគច្រើនបំផុតជាជនជាតិហ្វីលីពីន។
ដោយឡែកបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពីក្រសួងការបរទេសនូវែលហ្សេឡង់ បានអះអាងថា អ្នកជិះនៅនោះទាំងអស់មាន៣៩នាក់ជាជនជាតិហ្វីលីពីន, ០២នាក់អូស្ត្រាលី និង ០២នាក់ទៀតជាជនជាតិនូវែលហ្សេឡង់ផ្ទាល់។ នាវាខាងលើនេះ បានគ្រោងធ្វើដំណើរទៅកំពង់ផែជីងថាង ( Jingtang) របស់ប្រទេសចិនដោយប្រើរយៈពេល ១៧ថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើរ។
បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញានេះ ក្រុមសង្គ្រោះជប៉ុន ទើបតែបានរកឃើញមនុស្សម្នាក់ប៉ុណ្ណោះ ដែលជាកម្មករនៅលើនាវា Gulf Livestock 1 ដោយគេបានឃើញកម្មករនោះ មានពាក់អាវពោងសុវត្ថិភាព និងអណ្តែតខ្លួននៅលើផ្ទៃសមុទ្រ។ កប៉ាល់មួយនេះត្រូវបានគេរាយការណ៍ថា បានបាត់ការទាក់ទង ពេលកំពុង ស្ថិតនៅក្នុងដែនសមុទ្រក្បែរកោះ អាម៉ាមិ អូហ្ស៊ីម៉ា(Amami Oshima) ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន៕
ដោយ៖ស តារា