ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ កម្ពុជាត្រៀមដាក់តំបន់ទេសចរណធម្មជាតិចំនួន៤កន្លែង ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ

ចែករំលែក៖

ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាកំពុងសិក្សារៀបចំកំណត់ទីតាំងតំបន់ធម្មជាតិមានសក្តានុពលដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ​

តាមរយៈការងារនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យក្រសួងស្ថាប័នដែលក្រុមការងារដឹកនាំដោយក្រសួងបរិស្ថាន ចុះសិក្សាដើម្បីរៀបចំឯកសារ ត្រៀមដាក់តំបន់ទេសចរណធម្មជាតិចំនួន៤កន្លែង ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូណេស្កូ។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះយកព័ត៌មាននៅរមណីយដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកលើកឡើងបន្តថា ៖ រហូតមកដល់ពេលនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន បានធ្វើការងារចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោតជាដើម។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រែកកាំពី គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយ​ដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គចំនួន៩២ក្បាល។ ខណៈសព្វថ្ងៃព្រែកកាំពី កំពុងបានក្លាយទៅជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនបំផុត គឺក្នុងរដូវប្រាំង។

លោកបាន បន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលមានវត្តមានសត្វផ្សោតទឹកសាបរស់នៅចំនួន៩២ក្បាល ខណៈប្រទេសកម្ពុជា ជាមួយប្រទេសដែលមានចំនួនសត្វផ្សោតនេះច្រើនជាងគេផងដែរ។ ដោយឡែកប្រទេសចំនួន២ទៀត ដែលមានវត្តមានសត្វផ្សោតទឹកសាបនេះ គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសភូមា មានប្រមណជា ៦០សិបក្បាលដូចគ្នា៕

ដោយ៖ សិលា


ចែករំលែក៖