ព័ត៌មានទាន់ហេតុការណ៍៖

មានករណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ មានករណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ៖
គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន៖
– ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧២នាក់ (ស្មើនឹង៩៩,២៧% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២១៨នាក់
– អ្នកមានវីរុសកូវីដ -១៩មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) – អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ០២នាក់ ៖
+ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០១នាក់ (ជាបុរស)
+ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ០១នាក់ (ជាបុរស)។ ដោយឡែកករណីជាសះស្បើយ ៖ ចំនួន ០១នាក់គឺ៖
-បុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរ ពី ប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល – និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណី កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖