ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ​ បាញ់ប្រហារក្នុងពិធីបុណ្យសព​ ស្លាប់និងរបួស​២០នាក់

ចែករំលែក៖

ក្រុមប្រដាប់អាវុធមួយក្រុមជិះម៉ូតូ​៣គ្រឿង​បានបាញ់ប្រហារទៅលើអ្នកចូលរួមបុណ្យសព​បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ហើយជនរងគ្រោះភាគច្រើនជាយុវជន​។
តាមសារព័ត៌មាន​TTXVN បានដកស្រង់សម្តីក្រុមអ្នកស្រាវជ្រាវ រដ្ឋMorelos ដែលបានឲ្យដឹងថា ការបាញ់ប្រហារនៅក្នុងពិធីបុណ្យសពក្នុងស្រុកAntonio Barona ទីក្រុងCuernavaca បណ្តាលឲ្យមនុស្ស​៨នាក់ស្លាប់​និង​១៤នាក់រងរបួស​។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍វាយប្រហារកើតឡើង នៅវេលាម៉ោង​២២​និង​៤០នាទីយប់ថ្ងៃទី​៣ខែកញ្ញា។ ខ្មាន់កាំភ្លើងជិះម៉ូតូ​៣គ្រឿងបាញ់ប្រហារទៅលើ​ក្រុមអ្នកចូលរួមពិធីបុណ្យសព ។
ម៉ិចស៊ីកូជាប្រទេសដែលតែងតែកើតមានអំពើហិង្សា ការបាញ់ប្រហារជាបន្តបន្ទាប់។ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០២០ ម៉ិចស៊ីកូ មានអំពើហិង្សា ការសម្លាប់មនុស្សកើនឡើងជាប្រវត្តិសាស្ត្រ ដោយមានករណីសម្លាប់មនុស្សដល់ទៅ​ ១៧.៩៨២ នាក់ ។
ប្រទេសម៉ិចស៊ីកូត្រូវបានគេដឹងថា ជាទីតាំងដឹកជញ្ជូនគ្រឿងញៀនពីតំបន់អាមេរិកខាងត្បូង ឆ្លងកាត់អាមេរិកកណ្តាល ចូលទៅកាន់ទីផ្សារអាមេរិក ដែលមានតម្លៃខ្ពស់​ ហើយអំពើហិង្សាពាក់ព័ន្ធនឹងការប្រជែងដណ្តើមទីតាំងជួញដូរក៏កើនឡើងខ្ពស់ផងដែរ​។ ក្នុងដំណាក់កាលឆ្នាំ​២០០៦-២០១៩ សង្គ្រាមប្រឆាំង​គ្រឿងញៀន និង អំពើហិង្សារវាងក្រុមជួញដូរគ្រឿងញៀន​បានសម្លាប់មនុស្ស ដល់ទៅ​២៧០.០០០នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖