ភ្នំពេញ៖ កាលពីសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីអធិការរង នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ដើម្បីរៀបចំផែនការ និងរៀបចំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ជាពិសេសគឺការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជេីញចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោកអធិការខណ្ឌបានលើកយកមតិរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលផ្តាំផ្ញើឲ្យសមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងទៅ
ដេីរលេងតាមទីកន្លែងកម្សាន្តនានា ។ មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤/២៤ម៉ោង ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ៕
ដោយ៖ ចន្ទ លីហ្សា