ព័ត៌មានទាន់ហេតុការណ៍៖

លួចចំថ្ងៃស៊យ! លួចម៉ូតូបានហើយជិះរត់ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមស្ទាក់ឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានហើយជិះរត់មិនរួចត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមស្ទាក់ឃាត់បាន ហើយនេះពិតជាលួចចំថ្ងៃស៊យហើយ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ បូ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ធាវ សុខមេត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីនគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះ ម៉ូតូ១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BV-9295 មកឈប់នៅមុខផ្ទះកើតហេតុខាងលើដោយភ្លេចដកកូនសោចេញហើយក៏ចូលទៅធ្វើការបានមួយសន្ទុះស្រាប់តែគាត់ចេញមកវិញបាត់ម៉ូតូក៏ភ្ញាក់ផ្អើលឡើងតែម្តង។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកជនរងគ្រោះបានដើររកនិងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងនគរបាលប៉ុស្តិ៍ក៏បានចេញរករហូតដល់ចំណុចផ្លូវលេខ២០០៤ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវក៏ឃាត់ខ្លួនតែម្តង ហើយបានប្រគល់ម៉ូតូនោះឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖