ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿងធំហើយ!តារាសម្តែង ម៉ុង ប៊ុនណូរ៉ា ចោទថៅកែផលិតកម្មមួយថាមិនបើកលុយថ្លៃថតឲ្យ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករភាពយន្តក្រោយពីតារាសម្តែងប្រុសលោក ម៉ុង ប៊ុនណូរ៉ា បានបង្ហោះរូបថតជាសធារណៈអមដោយខ្លឹមសារចោទប្រកាន់លោក ជា ឈីម ដែលជាផលិតករជើងចាស់ និងជាចាងហ្វាងផលិតកម្មមួយថាបានក្បត់ទំនុកចិត្តមិនគោរពកិច្ចសន្យាក្នុងការបើកលុយថ្លៃថតភាពយន្តមួយកាលពីពេលកន្លងទៅ។
​សារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាសម្តែង និងចម្រៀង​ម៉ុង ប៊ុនណូរ៉ា ទទួលបានការភ្ញាក់ផ្អើលនិងមានការបញ្ចេញមតិផ្ទុយគ្នាជាច្រើន។ លោក បានលើកឡើងថាលោកធ្លាប់បានថតភាពយន្តរឿង”ទឹកនិងប្រេង” របស់ផលិតកម្មជាឈីម របស់ផលិតករជើងចាស់លោក ជា លីម ដែលគេដឹងថាភាពយន្តនេះបានប្រកាសចាប់ផ្តើមផលិតចាប់ពីចុងខែមីនាមកម្ល៉េះ។ ក្នុងសំណេរនោះលោកថា លោកមិនចូលចិត្តសន្យាតែមាត់ទេ លុយត្រូវបើកម្តង់ថ្ងៃនេះ ម្តងថ្ងៃនោះ បើកមិនគ្រប់ បើឆាតទៅសួរគឺមិនខ្វល់ពីយើង។ លោកបន្តថាមិនគោរពសន្យា លុយកម្លាំងយើងសោះត្រូវតាមទារគេដូចជាមិនថ្លៃថ្នូសោះ។ លោកលើកឡើងដែរថាអ្នកសិល្បៈដូចគ្នាមើលទៅ។
​មានអ្នកសិល្បៈជាច្រើនបានបញ្ចេញយោបល់ផ្សេងគ្នាជុំវិញការបង្ហោះសារដ៏ចាក់ដោតមួយនេះ។ អ្នកសិល្បៈរួមអាជីពមួយចំនួនបានសាទរចំពោះការហ៊ានបញ្ចេញមុខមាត់ និងរឿងរ៉ាវបញ្ហាប្រឈមួយចំនួនដែលកំពុងកើតមានក្នុងចង្កោមអ្នកសិល្បៈ ខណៈដែលបញ្ហានេះក៏ធ្លាប់កើតមានជាហូរហែកន្លងមករហូតមានសិល្បករ និងផលិតករខ្លះបានទាំងមានទំនាស់ជាពាក្យសម្តី និងព្រមានចាត់ការគ្នាតាមច្បាប់ផងដែរ។ ស្របគ្នានេះក៏មានអ្នកសិល្បៈខ្លះស្នើឲ្យតារាសម្តែងប្រុសរូបនេះបញ្ចប់ជម្លោះ និងលុបរូបថត និងសារខាងលើចេញព្រោះតែនាំឲ្យប៉ពាល់ដល់កិត្តិយសបុគ្គល និងជាការបិទផ្លូវការងារសិល្បៈខ្លួនឯង។
​នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក​ជា ឈីម នៅឡើយ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ផលិតកររូបនេះបានលើកឡើងថា
ចំពោះបុគ្គល ឈ្មោះ(Mong Bun Nora) ដែរថាលោកមិនបើកលុយថ្លៃសម្តែងអោយចំនួន៤០០ដុល្លារអាមេរិក ហើយផុសបរិហារកេរលោក ជាសាធារណៈ នៅមិនទាន់ថតចប់នៅឡើយហើយ បើរឿងលោកថតចប់ហើយចាក់បញ្ចាំង ប្រសិនបើលោកមិនបើកអោយទេចាំធ្វើអញ្ចឹង។ លោកចាត់ទុកថា ទង្វើដែលបុគ្គលរូបនេះកំពុងធ្វើគឺជាទង្វើមនុស្សអវិជ្ជា មិនដឹងថាខ្លួនឯងកំពុងជាន់ពន្លិចតំម្លៃជាតារាសម្ដែងខ្លួនឯង និងតារាសម្ដែងដទៃទៀត ដែរធ្វើទង្វើមិនសមជាតារាសម្តែងទេ បើចរិកតារាសម្ដែងស្រុកខ្មែរដូចអ្នកឯងនោះមិនដឹងសិល្បះស្រុកខ្មែរទៅជាយ៉ាងណាទេ។ លោកទុកពេល៤៨ម៉ោងឲ្យតារាសម្តែងរូបនេះបកស្រាយបើមិនដូចនោះទេលោកនឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់។
​ឆ្លើយតបសំណេរនេះដែរ លោក ម៉ុង ប៊ុនណូរ៉ា បានលើកឡើង៤ចំណុចថា លោកថតគិតជាថ្ងៃមិនមែនថតមួយចប់ទើបបើកលុយទេ ទី២លុយនៅសល់សន្យាថាបើកឲ្យថ្ងៃនេះឬថ្ងៃនោះគឺ៥០០ដុល្លារអាមេរិកមិនមែន៤០០ដុល្លារទេ។ ទី៣លោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសសម្តែងមិនមែនអវិជ្ជា ហើយទី៤គឺលោកPost ដើម្បីទាមទាភាពត្រឹមត្រូវ និងថ្លៃថ្នូរក្នុងសង្គម។
​គួរបញ្ជាក់ដែរថា នេះមិនមែនលើកទីមួយទេដែលសិល្បករ និងផលិតករបានបញ្ចេញសារជាសាធារណៈជុំវិញការកិបកេងលុយកាក់ និងភាពយឺតយ៉ាវក្នុងការប្រគល់ថវិកាថ្លៃថតភាពយន្តរហូតមានផលិតកម្មខ្លះបានខកខានក្នុងការប្រគល់ប្រាក់ឲ្យតួតាមការសន្យារហូតដល់រាប់ឆ្នាំ ឬបំភ្លេចចោលក៏មាន៕ដោយ៖វឌ្ឍនា


ចែករំលែក៖