អន្តរជាតិ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានចេញលិខិតព្រមានមួយច្បាប់លើបញ្ហាសិទ្ធិមនុស្ស ខណៈដែលគេមើលឃើញថា៖ ច្បាប់សន្តិសុខជាតិហុងកុង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពនៅក្នុងទីក្រុងហុងកុង និងបំពានកាតព្វកិច្ចស្របច្បាប់អន្តរជាតិ។
ក្រុមជំនាញរបស់អង្គការសហប្រជាជាតិ បានលើកឡើងយ៉ាងដូច្នេះក្នុងលិខិតចេញផ្សាយជាសាធារណៈនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ «ច្បាប់សន្តិសុខជាតិ…បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសេរីភាពជាមូលដ្ឋាន និងការការពារសិទ្ធិស្របច្បាប់ប្រជាជន អាចត្រូវបានរំលោភបំពាន»។ ក្នុងន័យនេះ ច្បាប់សន្តិសុខជាតិ អាចបំផ្លាញសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងការជួបប្រជុំដោយសន្តិវិធីជាដើម។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិមួយនេះ ក៏បានជំរុញឲ្យចិនពិចារណាឡើងវិញលើច្បាប់សន្តិសុខជាតិ និងតែងតាំងអ្នកពិនិត្យឯករាជ្យមួយក្រុម ក្នុងការសិក្សាលើច្បាប់ថ្មីនេះ ដើម្បីធានាថា វាគោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ចិន។
សូមជម្រាបថា ចាប់តាំងពីមុនចូលជាធរមាន រហូតដល់ក្រោយចូលជាធរមាននៃច្បាប់សន្តិសុខជាតិហុងកុង ចិនបានរងការរិះគន់យ៉ាងខ្លាំងជុំវិញការបំផ្លាញសិទ្ធិសេរីភាពនៅក្នុងដែនដីស្វយ័តហុងកុង។ អាមេរិក អាល្លឺម៉ង់អង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត សុទ្ធតែទាមទារឲ្យចិនលុបចោលច្បាប់ថ្មីនេះ។ យ៉ាងណាក៏ដោយ ចិន នៅតែការពារថាច្បាប់សន្តិសុខជាតិ គឺមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជនឡើយ ផ្ទុយទៅវិញវា គឺជាការពារសិទ្ធិ និងជាមូលដ្ឋានការពារស្ថិរភាពនៅក្នុងទីក្រុង។
យ៉ាងណាមិញរដ្ឋាភិបាលចិន ក៏បាននិយាយអះអាងដូចខាងលើក្តី ប៉ុន្តែបណ្តាប្រទេសអឺរ៉ុប អាមេរិក និងអូស្ត្រាលីនៅតែមិនជឿដដែល។ក្រៅពីប្រទេស អង្គការអន្តរជាតិ ក៏បានចេញមុខទាមទារឲ្យចិនពិនិត្យលើច្បាប់នេះសារជាថ្មីផងដែរ ដោយសំអាងថាវាអាចបំផ្លាញសិទ្ធិសេរីភាពមូលដ្ឋាន។អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សមួយក្រុម ក៏ចេញមុខរិះគន់ចិនដែរ។
ជាក់ស្តែងនៅក្នុងលិខិតដដែលនេះ អ្នករាយការណ៍ពិសេសមួយក្រុមនេះក៏បានលើកឡើងពីបញ្ហាបារម្ភត្រង់ការធ្វើបត្យាប័នពីហុងកុងទៅចិនដីគោកនិងអត្ថន័យនៃពាក្យភេរវកម្មផងដែរ។ ត្រង់ការធ្វើបត្យាប័នអង្គការសហប្រជាជាតិ បានព្រមានថា អាចធ្វើឲ្យប៉ះពាល់ដល់ការកាត់ក្តីដោយយុត្តិធម៌លើជនសង្ស័យ។ ឯអត្ថន័យនៃភេរវកម្មវិញ ច្បាប់សន្តិសុខជាតិបានឲ្យនិយមន័យ ដល់ការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងមធ្យោបាយដឹកជញ្ជូនជាដើម ដែលន័យនេះ គឺលើសពីការឲ្យនិយមន័យរបស់ក្រុមប្រឹក្សាសន្តិសុខទៅទៀត ដែលផ្តោតត្រឹមការបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងប៉ះពាល់រាងកាយធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ ក្រោយពីច្បាប់សន្តិសុខជាតិចូលជាធរមាន អាជ្ញាធរបានចាប់ខ្លួនប្រជាជនជាច្រើន ប៉ុន្តែអ្នកខ្លះ ក៏ត្រូវបានដោះលែងវិញផងដែរ។ដោយឡែកប្រទេសមួយចំនួន បានផ្អាកការធ្វើបត្យាប័នជាមួយហុងកុងបន្ទាប់ពីច្បាប់សន្តិសុខជាតិចូលជាធរមាន ក្នុងនោះមានដូចជាអង់គ្លេសអូស្ត្រាលី នូវែលសេឡង់ អាល្លឺម៉ង់ កាណាដា និងអាមេរិក៕ដោយ៖ស តារា