ខេត្តកំពត៖ រសៀលថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ឆ្នេរមាសតេជោសែន ស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកលោកស្រីនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត លោកអភិបាលស្រុកទឹកឈូ និងលោកស្រីមេឃុំបឹងទូក សរុបចំនួន ៣៥ នាក់ ។
សេចក្តីសម្រេចនេះ មានសមាសភាពគណៈកម្មការខេត្តចំនួន ៣២ រូប និងបានបង្កើតអនុគណៈកម្មការចំនួន ៦ រួមមាន៖
១. អនុគណៈកម្មការគ្រប់គ្រង ផែនការនិងរៀបចំឯកសារនានា នៃគម្រោងវិនិយោគ
២. អនុគណៈកម្មការត្រួតពិនិត្យប្លង់មេអភិវឌ្ឍន៍ និងការចាក់ដី
៣. អនុគណៈកម្មការគ្រប់គ្រងបរិស្ថាន និងសោភ័ណភាព តំបន់វិនិយោគ
៤. អនុគណៈកម្មការតាមដានត្រួតពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់
៥. អនុគណៈកម្មការផ្សព្វផ្សាយ
៦. អនុគណៈកម្មការគ្រប់គ្រងប្រមូលចំណូល និងសួយសារ
សូមបញ្ជាក់ដែរថា ការបែងចែកផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍ តាមសមាមាត្រផ្ទៃដី ៦០% សម្រាប់ក្រុមហ៊ុន IGB Cambodia CO.LTD និងផ្ទៃដី ៤០% ទុកជូនរដ្ឋ ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត សរុបផ្ទៃដីវិនិយោគ ២៣៤ ហិកតា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមាន ៣៤ហិកតា ។
នៅក្នុងកិច្ចប្រជុំនេះដែរ បានពិភាក្សាគ្នាទៅលើការសាងសង់រចនាសម្ព័ន្ធ ពិសេសលើផ្ទៃដីដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត និងការតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ។
ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត នឹងជំរុញឲ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឲ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស ៕
ដោយ៖ សិលា