ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបាញ់គ្រាប់ពិត និង យុទ្ធដំណើរទ័ពរបស់សិក្ខាកាមវគ្គបណ្តុះបណ្តាលពលទាហានយោធភូមិភាគទី១ ជំនាន់ទី៤ បានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅសាលាពលទាហានទី១ យោធភូមិភាគទី១ កងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ មានរៀបចំពិធីបាញ់គ្រាប់ពិត និងធ្វើយុទ្ធដំណើរទ័ពរបស់សិក្ខាកាម វគ្គបណ្តុះបណ្តាលពលទាហានយោធភូមិភាគទី១ ជំនាន់ទី៤។ ពិធីនេះបានប្រព្រឹត្តទៅក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១។

បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ០៣ខែ សិក្ខាកាម វគ្គបណ្តុះបណ្តាលពលទាហានយោធភូមិភាគទី១ ជំនាន់ទី៤ បានចូលដល់ដំណាក់កាលបង្ហាញសមត្ថភាពជាក់ស្តែង តាមរយៈការបាញ់គ្រាប់ពិតស៊ីបលេខ៤ និងស៊ីបលេខ៨ ក្នុងរូបភាព ៣ស្ថានភាព ក្នុងចម្ងាយ១០០ម៉ែត្រ និងការធ្វើយុទ្ធដំណើរទ័ពឆ្លងកាត់ឧបសគ្គនានាក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្របានដោយជោគជ័យ។ លទ្ធផលនៃការបាញ់គ្រាប់ពិតក្នុង ៣ស្ថានភាពនៅថ្ងៃនោះ ទទួលបានលទ្ធផល អ្នកបាញ់ពូកែចំនួន ២០នាក់, លទ្ធផលបង្គួរចំនួន ២៣នាក់ និងលទ្ធផលមធ្យមចំនួន ៣៦នាក់ ដែលជាលទ្ធផលគួរជាទីពេញចិត្ត។

ក្នុងនាមយោធភូមិភាគទី១ ឧត្តមសេនីយ៍ឯក ហួត ឈាង បានថ្លែងនូវការកោតសរសើរជាពន្លឹកចំពោះស្នាដៃពិតៗរបស់ក្មួយៗសិក្ខាកាមទាំងអស់ ដែលបានខិតខំសង្វាត ឧស្សាព្យាយាម ហ្វឹកហ្វឺនរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាកងទ័ពនៃកងយោធពលខេមរភូមិន្ទ ដែលប្រកបដោយសមត្ថភាពវិជ្ជាជីវៈ មានភាពអង់អាចក្លាហាន ស្មោះត្រង់ និងជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងដាច់ខាតរាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ខ្មាំង សត្រូវ រួមកម្លាំងកាយ កម្លាំងចិត្ត ការពារ និងកសាងមាតុភូមិឱ្យបានកាន់តែរឹងមាំ រីកចំរើនដ៏រាបរៀងទៅ។

មេបញ្ជាការយោធភូមិភាគទី១ ផ្តាំផ្ញើដល់សិក្ខាកាមពេលបញ្ចប់វគ្គ ត្រឡប់ទៅកាន់អង្គភាពដើមវិញ ត្រូវខិតខំគោរពវិន័យ គោរពបទបញ្ជា មានសាមគ្គីភាពល្អជាមួយមិត្តរួមអាវុធ ខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើល្មើសផ្សេងៗនឹងច្បាប់រដ្ឋគ្រប់រូបភាព។ ត្រូវកសាងខ្លួនក្លាយជាយុទ្ធជនល្អ បុគ្គលគំរូ ជាយោធិនដែលមានអត្តចរិតថ្លៃថ្នូរ មានសីលធម៌ស្អាតស្អំ ស្របតាមវិន័យ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទបានកំណត់។

សូមបញ្ជាក់ថាសិក្ខាកាមវគ្គបណ្តុះបណ្តាលពលទាហានយោធភូមិភាគទី១ ជំនាន់ទី៤ មានសិក្ខាកាមរៀនសូត្រចំនួន៧៩នាក់ មកពីអង្គភាពទីបញ្ជាការយោធភូមិភាគទី១ កងពលតូចអន្តរាគមន៍លេខ១២៨ និងតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី។ វគ្គនេះបានចាប់ផ្តើមដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០៕

ដោយ៖ សិលា


ចែករំលែក៖