ខេត្តកំពង់ធំ៖ តាមសំណូមពររបស់លោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសំណូមពររបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា ភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវគ្រឿងសម្ភារបរិក្ខារពេទ្យសម្រាប់ការពារ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់ ក្នុងការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅមុនពេលចូលសិក្សានៅពេលខាងមុខ ក្នុងនោះមានម៉ាស់ចំនួន៥០០ ទឹកអាល់កុល ជែល និងសាប៊ូ សម្រាប់លាងសំអាតដៃ ចំនួន ៥២ដប និងម៉ាស៊ីនវាស់ស្ទង់កំដៅចំនួន ០២គ្រឿង ព្រមជាមួយនោះក៏បានចាត់ចែងក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណនៃសាលាបឋមសិក្សាបន្ទាយយោមរាជ នៅឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំផងដែរ។
ក្នុងថ្ងៃដដែលនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន០៥គ្រួសារ រស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕
ដោយ៖ សិលា