ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់៖ ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក សាយ សំអាល់ ថ្លែងថា ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ។ លោករដ្ឋមន្ត្រីថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ។

 លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា ៖ ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នានារបស់ខេត្តព្រះសីហនុ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ចរបស់ខេត្ត និងផ្តល់កំណើនការងាររបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ។ 

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី មានប្រសាសន៍ថាការកសាងផ្លូវថ្នល់ ការពង្រីកព្រលានយន្តហោះជាអាទិភាព ការផ្គត់ផ្គង់ទឹកស្អាតឱ្យល្អប្រសើរ ការបង្កើតប្រព័ន្ធចម្រោះទឹកកខ្វក់ ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ រួមជាមួយការរៀបចំគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានត្រឹមត្រូវល្អ ជំរុញឱ្យខេត្តព្រះសីហនុក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ តាមរយៈការទាក់ទាញការវិនិយោគយ៉ាងសំខាន់លើវិស័យឧស្សាហកម្មថែមទៀត នៅក្នុងពេលខាងមុខ។

ជាមួយគ្នានេះ លោក ប្រធានក្រុមការងារ បានជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាប់ថ្នាក់ពង្រឹងការងារគ្រប់គ្រងមូលដ្ឋានរបស់ខ្លួន ដើម្បីទាញផលនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុសម្រាប់ការអភិវឌ្ឍមូលដ្ឋាន បង្កើតការងារ បង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋ និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រី បានលើកឡើងដែរថាអាជ្ញាធរត្រូវបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយទៅជាខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា៕


ដោយ៖ សិលា


ចែករំលែក៖