ភ្នំពេញ៖ យ៉ាងហោចណាស់មានបេក្ខភាពបេក្ខនារីស្រស់សោភាប្រមាណ២៨រូបត្រូវបានបង្ហាញសមត្ថភាពក្នុងការប្រកួតសន្សំពិន្ទុក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី ៤កញ្ញា ២០២០ ។ បើទោះបីជាមានការរិះគន់ខ្លះៗក៏កម្មវិធីនេះត្រូវបានទស្សនិកជនសាទរច្រើនខណៈដែលជាឱកាសឲ្យយុវតីមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ឈានជើងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
បេក្ខនារីភាគច្រើនបានបង្ហាញអោយឃើញពីភាពក្លាហាន នៅលើវេទិកា មិនចាញ់ការប្រកួតរបស់បរទេសនោះផង ដ្បិតថានេះគ្រាន់តែជាការប្រកួតក្នុងស្រុក ហើយទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។
អគ្គនាយក Miss Grand Cambodia លោក អ៊ិន សុភិន បានអះអាងថានេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី២៦ កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង២នោះថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រផងដែរ។
លោកបន្តថា ការប្រកួតរបស់ខ្លួននេះទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថានេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។ ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនច្រើនកុះករណាស់ដែរក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។ ក្នុងនោះតំណាងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង២៥ ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ។
ក្រៅពីការប្រកួតសម្រស់នេះក៏លេចចេញការប្រកួតប្រជែងនូវស្នាដៃច្នៃម៉ូតសម្រាប់អ្នកជំនាញផងដែរដែលគេរំពឹងថាស្នាដៃទាំងនោះនឹងលើកមុខមាត់ទាំងវិស័យសិល្បៈវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរព្រោះតែបេក្ខនារីទាំងអស់នឹងត្រូវគ្រងនូវឈុតដែលច្នៃដោយអ្នកជំនាញនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនោះផងដែរ៕ ដោយ៖ វឌ្ឍនា