ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិនម្នាក់ទៀតបើករថយន្ដតូយូតា តាកូម៉ា មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះបានវ៉ាជែងរថយន្តក្រុងមួយគ្រឿងខាងស្ដាំដៃមិនផុត ប៉ះរថយន្តក្រុងផ្នែកខាងស្ដាំរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង និងរងរបួសធ្ងន់ស្រាលចំនួនពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចមុខប៉ុស្តិ៍នគរបាលកាកាបទី១ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រុងក្រុមហ៊ុនឫទ្ធិមុនី្នមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-6027បានដឹកអ្នកដំណើរជាច្រើននាក់ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តតូយ៉ូតាតាកូម៉ាមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AN-7574 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនដូចហោះបានវ៉ារថយន្តក្រុងខាងស្ដាំមិនផុតទៅប៉ះបញ្ឆិតរថយន្តក្រុងខាងមុខផ្នែកខាងស្ដាំបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ឯរថយន្តបង្កក្រឡាប់ផ្ងាជើងម្ខាង នឹងបណ្ដាលឲ្យអ្នករួមដំណើរម្នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកតៃកុងបានរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ ៖ សុខាសែនជ័យ