ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការចុះស្រាវជ្រាវ និងពិនិត្យករណីចង.ក ធ្វើអត្តឃាត នៅគ្រាដែលគេមានការសង្ស័យជាករណីផ្សេងៗ ។
ហេតុការណ៍ធ្វើអត្តឃាតចង.ក ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំត្រឡោកបែក ស្ថិតនៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនរងគ្រោះ(ស្លាប់)ដោយធ្វើអត្តឃាតចង.ក នេះ ឈ្មោះ សាន់ រត័្ន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះដោយធ្វើអត្តឃាតចង.ក នេះ បានយកខ្សែនីឡុងពណ៌ស ប្រវែងប្រមាណ១ម៉ែត្រ ចងព្យួរនឹងធ្នឹមក្នុងផ្ទះបណ្ដាលឲ្យស្លាប់ ។
លោក អធិការនគរបាលស្រុកបន្តទៀតថា ក្រោយកម្លាំងស្រាវជ្រាវ និងពិនិត្យយ៉ាងល្អិតល្អន់រួចមកឃើញថា ជនរងគ្រោះអាចអាក់អន់ចិត្តនឹងស្រ្តីជាម្ដាយស្ដីបន្ទោសបន្តិចបន្ទួចរឿងកុំឲ្យដើរលែងយប់ ជនរងគ្រោះពិតជាចង.ក ធ្វើអត្តឃាតពិតប្រាកដ សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន