ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងថ្នាក់ដឹកនាំខេត្តបានដឹកនាំមន្ត្រីរាជការអញ្ជើញកាន់បិណ្ឌវេនទី៣ចំនួន២វត្តនៅស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោកឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និង ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកបច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអលង្ការាម និងវត្តគិរីសុវណ្ណមយូរា ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ សៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ។ 

ពិធីបុណ្យកាន់បិណ្ឌនេះមានវត្តមានលោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងលោកស្រីជាភរិយា លោកម៉ុម សារឿន អភិបាលខេត្ត និងលោកស្រីជាភរិយា  លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ផងដែរ។

ពិធីបុណ្យកាន់បិណ្ឌឬកាន់វេន រាប់បាត្រនៃបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើន ដែលជាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីយូរលង់មកហើយ ។ ពិធីបុណ្យភ្ជុំពុទ្ធបរិស័ទខ្មែរបានប្រារព្ធចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល ១៥ ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌធំ ( ប្រជុំបិណ្ឌ )ក្នុងមួយឆ្នាំៗ ហើយរដ្ឋបាលខេត្តស្ទឹងត្រែងតែងតែប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុ ភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតកា៧សន្តាន ដែលបានធ្វើមរណកាលទៅហើយនោះ ។

គួរបញ្ជាក់ផងដែរថា សទ្ធាជ្រះថ្លារបស់អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយញាតិមិត្តបងប្អូនជិតឆ្ងាយ ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានរួមគ្នាចូលជាបច្ច័យប្រគេនដាក់ជើងបិណ្ឌ ទុកកសាងសមិទ្ធផលជាបន្តក្នុងវត្តអលង្ការាម ចំនួន.៣.៣៥៦.០០០រៀលនិង វត្តគិរីសុវណ្ណមយូរា ចំនួន.៣.០៣០.០០០រៀល៕

ដោយ៖មាស សុផាត


ចែករំលែក៖