ភ្នំពេញ៖ បុរសជាសន្តិសុខឯកជនម្នាក់ជិះកង់ទៅធ្វេីការត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់រួចហេីយម៉ូតូបង្កបានជិះគេចខ្លួនបាត់ ត្រូវបានក្រុមរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះលី យ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះកង់ចេញពីផ្ទះបំណងទៅធ្វេីការដោយធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ បន្ទាប់មកស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ បន្ទាប់មកម៉ូតូបង្កមិនបានឈប់ទទួលខុសត្រូវនោះទេក៏បន្តដំណេីរទៅមុខបាត់ទៅ។
ក្រោយកេីតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅក្រុមរថយន្ត៧១១ដេីម្បីឱ្យជួយដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ។ ដោយសារតែឃេីញជីវភាពជនរងគ្រោះក្រីក្រពេក ក្រុមគ្រូពេទ្យ៧១១បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួនបានមួយចំនួនដេីម្បីជួយសម្រួលក្នុងការព្យាបាលរបួស៕ដោយ៖សុខាសែនជ័យ