ព័ត៌មានទាន់ហេតុការណ៍៖

ជុងមិនភ្លេចកុកមែន! ទីបំផុតចោរប្លន់ជាង១២ឆ្នាំមុន នៅតែជាប់អន្ទាក់សមត្ថកិច្ចដដែល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង ចុះសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌខេត្តពោធិ៍សាត់ ចុះអនុវត្តដីកាសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យជាចោរប្លន់១នាក់ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួនមកពួនសំងំជាង១២ឆ្នាំមកនោះ ។

 ករណីកម្លាំងសមត្ថកិច្ចសហការចុះអនុវត្តដីកាខាងលើ ធ្វើឡើងវេលាម៉ោង៨ និង០៦នាទី ព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូររំចេក ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៦៥/បទខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ហើយជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ រឿន និមល ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់ភូមិអូរ ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

 លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា ក្នុងដីកាសាលាដំបូងខេត្តបាត់ដំបងដដែលបញ្ជាក់ថា ជនសង្ស័យ(រឿន និមល)ជាប់ចោទពីបទៈ ប្លន់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតនៅភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងត្រូវបានធ្វើការចោទប្រកាន់តាមមាត្រា៦ នៃច្បាប់ ស្ដីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០០២ ។ ជនត្រូវចោទប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ហើយត្រូវរត់គេចខ្លួនបាត់រហូត ចាប់ខ្លួនបានពេលនេះ។

 លោក បន្តទៀតថា ជនសង្ស័យសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បំពេញនីតិវិធី និងប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាត់ការបន្ត ៕ដោយ៖បុឹម ពិន

 


ចែករំលែក៖