អន្តរជាតិ៖កប៉ាល់កាណូត ជាច្រើនគ្រឿងបានចូលរួមក្នុងពិធីដង្ហែក្បួនគាំទ្រប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅក្នុងទន្លេTravis ជិតទីក្រុង Austin រដ្ឋតិចសាស់(Texas)។ ក្នុងពិធីដង្ហែនោះមានកប៉ាល់ជាច្រើនគ្រឿងបានលិច ដោយសារតែរលកធំៗ។
សារព័ត៌មាន CNN បានផ្សាយថា ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញាបានផ្សាយថា ក្បួនកប៉ាល់គាំទ្រលោកត្រាំ បានដង្ហែក្បួនដោយមានស្លាកសញ្ញាគាំទ្រលោកត្រាំ ។ ក្នុងការដង្ហែក្បួននោះមានកប៉ាល់៤គ្រឿងលិច ប៉ុន្តែក្រុមជួយសង្គ្រោះបានជួយទាន់ពេលវេលា។
ស្នងការប៉ូលិសតំបន់Travis បានបង្ហោះនៅលើបណ្តាញសង្គមTwitterថា ពួកគាត់ទទួលបានការហៅទូរស័ព្ទប្រាប់ពីហេតុការណ៍លិចកប៉ាល់ពេលដង្ហែក្បួន។ លោក Kristen Dark មន្ត្រីប៉ូលិស តំបន់Travis បានឲ្យដឹងថា មានកប៉ាល់លិចហើយអ្នកនៅលើនោះបានលោតចូលទឹកទាំងអស់។
នៅក្នុងពិធីដង្ហែក្បួន មានមនុស្សប្រមាណ២៦០០នាក់ចូលរួម ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះឡើយ។ ក្បួនដង្ហែខាងលើ គឺដើម្បីអូសទាញការគាំទ្រពីពលរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតខាងមុខ៕ដោយ៖ធី រីណា