ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា៖ ថ្ងៃទី៧ កញ្ញា នេះតាមពិតទៅជាថ្ងៃដែលមនុស្ស១៤នាក់ (មានកុមារតូចៗ៨នាក់ផងដែរ) ត្រូវរស់នៅ អត់ជម្រក ដោយសារចាញ់ក្តីជីដូន និងមីងបង្កើតក្រោមសាលក្រមស្ថាពរតុលាការខេត្តកណ្តាល រវាង លោកយាយ ស៊ុយ ផូ និងចៅ ប៊ូ ស្រីទូច,ប៊ូ ស្រីម៉ៅ, ប៊ូ រ៉ាឌី , ប៊ូ រ៉ាវីដ ។ លោកបន្តថា៖ ករណីនេះត្រូវបានអនុវត្ត២ដងរួចមកហើយ ប៉ុន្តែធ្វើទៅអត់បានដោយសារភាគីចៅៗទាំង៤គ្រួសារគ្មានជម្រករស់នៅ។ ដូច្នេះហើយ នៅថ្ងៃទី ៧ កញ្ញានេះ គឺដីការអនុវត្តន៍ដោយបង្ខំអោយចុះចេញពីដីនិងផ្ទះតែម្តង។
លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តថា៖ ពិតជាមហាសំណាងខ្លាំងណាស់ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ខ្ញុំបាទ និងលោកអភិបាលខេត្តកណ្តាលអោយចុះពិនិត្យដោះស្រាយជាបន្ទាន់ក្រៅប្រព័ន្ធតុលាការ។
លោកលើកឡើងថា៖ ក្រោយពីបានដឹងអំពីដើមចមនៃសាច់រឿង គឺលោកយាយ ស៊ុយ ផូ មានការអាក់អន់ស្រពន់ចិត្តនឹងចៅៗដែលមិនស្គាល់ចាស់ទុំ មើលងាយគាត់ជាជីដូន ទើបឈានទៅដល់ការប្តឹងផ្តល់គ្នា ដោយលោកយាយប្តឹងទារយកដីទំហំ (១៣មx ២០ម) ពីចៅៗទាំង៤ ដែលពួកគេបានរស់នៅអាស្រ័យផលជាង២០ឆ្នាំមកហើយ (មានលិខិតប្រគល់សិទ្ធិអោយកាន់កាប់ជាកម្មសិទ្ធិផងដែរ)។
ប៉ុន្តែក្រោយពីចៅៗទាំង៤ បានសុំខមាទោសពីលោកយាយ ស៊ុយ ផូ ហើយ គឺលោកយាយបានអត់ឱនអោយពួកគេ ដោយអោយចៅៗទាំង៤នាក់ (រួមទាំងចៅទួតសរុបទាំងអស់ ១៥ នាក់) បានបន្តរស់នៅស្របច្បាប់ក្នុងផ្ទះលើដីនេះ ដោយលោកយាយយល់ព្រមទទួលថវិកា $30,000 ដើម្បីបញ្ចប់វិវាទទាំងស្រុង។
ប៉ុន្តែដោយសារគ្រួសារទាំង៤ ក្រីក្រខ្លាំង គ្មានលទ្ធភាពសូម្បីតែបន្តិច ទើបសម្តេចតេជោនាយករដ្ឋមន្រ្តី បានបរិច្ចាគថវិកាចំនួនខាងលើជូនទៅលោកយាយ ស៊ុយ ផូ ដើម្បីបញ្ចប់រឿងទាំងស្រុង កាលពីម្សិលមិញថ្ងៃទី ៦ ខែ កញ្ញា នៅក្រោមការសម្របសម្រួលដែលមានរូបខ្ញុំ និង លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ ចូលរួមជាមួយអាជ្ញាធរខេត្តជាច្រើនរូប។
ចៅៗទាំង៤គ្រួសារមានសេចក្តីរំភើបរីករាយក្រៃលែងចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ជាមួយនឹងដំណោះស្រាយឈ្នះឈ្នះដែលបានផ្តល់ក្តីសង្ឃឹមក្នុងជីវិតពួកគេឡើងវិញ។
គ្រួសារទាំងមូលបានគោរពអរគុណសម្តេចទាំងទ្វេយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តអាណិតស្រឡាញ់ និងព្រហ្មវិហាធម៌មិនអាចកាត់ថ្លៃបាន ដែលសម្តេចបានលះបង់ជួយជីវិតពួកគេអោយបានរស់ឡើងវិញ។
ខ្ញុំបាទសូមគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដើម្បីជាម្លប់ដ៏កក់ក្តៅ និងជាទីកន្លែងដែលផ្តល់យុត្តិធម៍ដល់ពលរដ្ឋដើម្បីបានរស់នៅសុខសប្បាយក្រោមម្លប់សន្តិភាព។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា