ព័ត៌មានទាន់ហេតុការណ៍៖

ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងបង្កភាពចលាចវឹកវរក្នុងសង្គម ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរចាត់វិធានការ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរចាត់វិធានការ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងបង្កភាពចលាចវឹកវរក្នុងសង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា ៖ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមាន អង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ទន្ទឹមនេះ ក្រុមយុវជន ខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឲ្យ ប៉ះពាល់ ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈ ការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង។

ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមក្នុងសកម្មភាព ខុសច្បាប់របស់ក្រុមទាំងនេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ជាពិសេសទប់ស្កាត់នូវ រាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរ ទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បុណ្យ ភ្ជុំបិណ្ឌនេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖