ម្ចាស់ពានរង្វាន់កីឡាវាយតឺន្នីស Grand Slam ២សម័យកាលកីឡាការិនីNaomi Osaka បានកក់កៅអីទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រនៃកម្មវិធី US Open ជាមួយនឹងជ័យជម្នះជាប់ៗគ្នាលើកីឡាការិនី Anett Kontaveit របស់អ៊ីស្តូនី។
Osaka ដែលជាកីឡាការិនីលំដាប់ទី៤ពិភពលោក បានផ្តួលដៃគូរបស់នាងក្នុងលទ្ធផល ៦-៣ និង ៦-៤ ក្នុងការប្រកួតចុងក្រោយនៅក្នុងកីឡដ្ឋាន Arthur Ashe ក្នុងតំបន់ Flushing Meadows ។
ម្ចាស់ជើងឯក US Open ឆ្នាំ ២០១៨ រូបនេះបាននិយាយថា “ការរក្សាអារម្មណ៍របស់ខ្ញុំជាគន្លឹះដើម្បីគ្រប់គ្រងការប្រកួតរយៈពេល១ម៉ោង ១២នាទី។ សម្រាប់ខ្ញុំវាសំខាន់ណាស់ព្រោះវាងាយនឹងធ្លាក់ចុះដោយខ្លួនឯងជាពិសេសនៅពេលអ្នកមានអារម្មណ៍ថាអ្នកអាចប្រែចិត្ត ច្រើនដង ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ខ្លួនឯងថា ជាកីឡាករឆ្នើមម្នាក់ដែលត្រូវលេងទទួលបានជ័យជម្នះ”។
Osaka បានបន្តថា “ខ្ញុំមិនបានមើលផ្ទាល់ពីហេតុការណ៍ដែល Novak Djokovic ត្រូវបានគេដកហូតសិទ្ធិដោយចៃដន្យព្រោះតែវាយកូនបាល់ចំចៅក្រមខ្សែបន្ទាត់។ ខ្ញុំកំពុងសម្រាកមុនការប្រកួតពេលយប់របស់ខ្ញុំ ប៉ុន្តែបន្ទាប់ពីដឹងខ្លួនខ្ញុំបានក្រើនរំលឹកខ្លួនឯងដើម្បីរក្សាខ្លួនក្នុងពេលប្រកួតកុំឲ្យខុសបច្ចេកទេស”។
កីឡាករសញ្ជាតិជប៉ុន Osaka នឹងប្រកួតជាមួយកីឡាការិនីវ័យ២៧ឆ្នាំ Shelby Rogers ដើម្បីដណ្តើមកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ដោយ៖ភារៈ