ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ផ្សាយចេញពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នៅក្នុងអំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មការជាច្រើនរបស់អាយប៉ាដែលសម្តេចប្រធានរដ្ឋសភានិងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំមានដូចជា កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មការនយោបាយ កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មការសង្គមកិច្ច និង កិច្ចប្រជុំគណៈកម្មការរៀបចំជាដើម។
សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វុីលីពីន។
អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ានបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕ ដោយ៖ សសម