ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តប៉ៃ លិនកាន់បិណ្ឌវេនទី៥នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង

ចែករំលែក៖

ខេត្តប៉ៃ លិន៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ លោកផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ លោកផាន់ ចាន់ធុល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈ និងធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមគ្គផល មហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឥស្សរជននិងបុព្វបុរសដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានពលីទៅកាន់បរលោក។

លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលត្រូវបានគោរពប្រតិបត្តិជាយូរមកហើយ ដូចនេះក្នុងនាមយើងជាអ្នកជំនាន់ក្រោយត្រូវចូលរួមខិតខំថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃនេះឲ្យបានគង់វង្សក៏ដូចជារួមចំណែកជាមួយសង្គមជាតិយើងរក្សាឱ្យបាននូវសុខសន្តិភាពសម្រាប់ការរីកចម្រើន និងអភិវឌ្ឍប្រទេស ជាតិតរៀងទៅ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាប្រទេសជាតិទទួលបានជ័យជម្នះគ្រប់កាលៈទេសៈ និងរាល់ការលំបាកនានា រួមទាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសផងដែរ ហើយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះចូលក្នុងសហគមន៍ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី៥នៅវត្តរតនសោភ័ណ ហៅវត្តកោងកាងនេះ លោក ផាន់ ចាន់ធុល ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានប្រគេនចង្ហាន់ទេយ្យទានទេយ្យវត្ថុចពោះព្រះសង្ឃនិងបច្ច័យសម្រាប់កសាងវត្តចំនួន១០លានរៀលផងដែរ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖