ភ្នំពេញ៖ សម្រាប់ស្រ្តីមេផ្ទះ គួរតែយល់ដឹងចំពោះវិធីបំបាត់ក្លិនឆ្អាបតាមប្រភេទត្រី ក្នុងការធ្វើម្ហូប ដែលមានសមាជិកក្នុងក្រុមគ្រួសារចូលចិត្តពិសាត្រីប៉ុន្តែធ្វើម្ហូបពីត្រីពេលណាក៏ដោយនៅតែមានធំក្លិនឆ្អាបមិនគួរឲ្យចង់ពិសានោះទេ ។ ចំពោះបញ្ហានេះលោកអ្នកលែងខ្វល់ទៀតហើយ ព្រោះថ្ងៃនេះយើងមានវិធីល្អៗជាច្រើនសំរាប់ ធ្វើយ៉ាងណាកុំឲ្យត្រីមានក្លិនឆ្អាប ពេលយកមកធ្វើជាអាហារ ហើយនិងគន្លឹះពិសេសផ្សេងៗទៀតជាច្រើនក្នុងការចម្អិនមុខម្ហូបដែលធ្វើពីត្រី និងវិធីលាងសំអាតក្លិនឆ្អាបរបស់ត្រីដែលនៅដិតជាប់នឹងសម្ភារៈផ្ទះបាយទាំងឡាយមកជំរាបជូនទៀតផង។
សូមជម្រាបថា ចំពោះត្រីអណ្តែង ត្រីពោ ត្រីឆ្លាំង ត្រីប្រា (ត្រីអត់ស្រកា)៖ ធ្វើយ៉ាងណាកុំមានក្លិនឆ្អាប? មុននឹងយកត្រីអណ្តែងមកចំអិនជាអាហារនោះចូរយកម្សៅមីមកច្របល់ជាមួយខ្លួនត្រីឲ្យសព្វ រួចហើយសឹមលាងចេញឲ្យស្អាត វិធីនេះនឹងធ្វើឲ្យរំអិលនិងឈាមដែលនៅជាប់នឹងខ្លួនត្រីរបូតចេញទៅជាមួយម្សៅមី និងទឹកអស់មិនខាន ពេលយកទៅធ្វើម្ហូបពិសា សាច់ត្រីនឹងមើលទៅឃើញស្អាតគួរឲ្យទទួលទាននិងលែងឆ្អាបទៀតហើយ។
ដោយឡែកចំពោះ ត្រីផ្ទក់ ត្រីរ៉ស់ ត្រីឌៀប និងត្រីឆ្តោ៖ ចូរប្រើអំបិលហ្មត់ច្របល់ជាមួយខ្លួនត្រីឲ្យសព្វ មុននឹងយកទៅធ្វើស្រកាចេញ នឹងធ្វើឲ្យស្រកាត្រីរបូតចេញយ៉ាងងាយស្រួល មិនរអិល ពេលធ្វើស្រការួចរាល់ហើយចូរយកទៅលាងដោយប្រើទឹកសាជូរ បន្ទាប់មកលាបដោយទឹកក្រូចឆ្មារម្តងទៀត ពេលយកទៅធ្វើម្ហូប សាច់ត្រីនឹងឡើងស និងគ្មានក្លឹនឆ្អាបឡើយ។
រីឯត្រីផ្សេងៗទៀត៖ សំរាប់ត្រីផ្សេងៗទៀត ដូចជា ត្រីឆ្ពឹន ត្រីទីឡាព្យ៉ា ត្រីឆ្កោក – ល – វិធីងាយៗក្នុងការបំបាត់ក្លិនឆ្អាបនោះគឺចិត្តផ្លែក្រូចឆ្មារជាចំណិតស្តើងៗ ដាក់ត្រាំនៅក្នុងទឹកដែលទុកសំរាប់លាងត្រី ( ទឹក 1 លិត្រ ក្រូចឆ្មារ1 ផ្លែ ) ពេលយើងធ្វើស្រកា និងវះពោះយកពោះវៀនចេញអស់ហើយ ចូរយកទៅលាងនឹងទឹកស្អាតចេញជាមុនសិន រួចសឹមយកមកលាងនឹងទឹកត្រាំចំណិតក្រូចឆ្មានោះជាក្រោយ។ ធ្វើស្រកាត្រីដោយមិនបាច់ប្រើកាំបិត៖ វិធីងាយៗ គឺ ដាក់ត្រីដែលត្រូវធ្វើស្រកាចេញនោះនៅក្នុងចាន ឬថាសធ្វើអំពីដែក ដែលអាចធន់នឹងកំដៅបានបន្ទាប់មកចូរយកទឹកដែលក្តៅខ្លាំងមកស្រោចពីលើខ្លួនត្រីឲ្យសព្វ ហើយចាក់ទឹកនោះចោលភ្លាម រួចបន្តដោយស្រោចទឹកត្រជាក់ពីលើវិញម្តង បន្ទាប់មកគ្រាន់តែយកដៃច្បូតពីលើខ្លួនត្រីនោះស្រកាក៏របូតចេញមកអស់យ៉ាងងាយស្រួល ។
គួរបញ្ជាក់ថា ការរក្សាទុកត្រីប្រឡាក់មិនឲ្យធុំក្លិនស្អុយ៖ នៅពេលយើងចង់ធ្វើត្រីប្រឡាក់ទុកចៀន ឬអាំងពិសានៅថ្ងៃក្រោយ (ជាពិសេសត្រីអណ្តែង ត្រីកន្ធរ–ល) នោះ យើងតែងតែជួបនឹងបញ្ហាសាច់ត្រីឡើងហើម និងធុំក្លិនស្អុយយ៉ាងខ្លាំង ធ្វើឲ្យលែងចង់ទទួលទានតែម្តង តែសូមស្រ្តីមេផ្ទះទាំងឡាយកុំបារម្ភអី វិធីថែរក្សាទុកត្រីប្រឡាក់ឲ្យបានយូរ និងមិនធុំក្លិនស្អុយនោះគឺនៅពេលដែលលោកអ្នកធ្វើត្រីទាំងនោះស្អាតហើយ ចូរលាងនឹងទឹកឲ្យបានស្អាត ប្រមាណជា 2 – 3 ទឹក រួចហើយយកមកច្របល់ប្រឡាក់ជាមួយនឹងអំបិល ស្ករ និងប៊ីចេង (តាមរសជាតិដែលអ្នកចូលចិត្ត) ទុកចោលប្រមាណជា2 – 6 ម៉ោង ។ លុះដល់ពេលគ្រប់កំណត់ហើយ ចូរយកទៅដាក់សំដឹលហាលឲ្យត្រូវទាំងខ្យល់ និងថ្ងៃឲ្យបានប្រមាណជា 6 – 10 ម៉ោង តែប៉ុណ្ណឹងត្រីប្រឡាក់ទាំងនោះនឹងលែងសូវធុំក្លឹនអាក្រក់រំខានច្រមុះយើងនៅពេលយកមកអាំង ឬចៀនពិសាហើយ ។
សម្រាប់វិធីរក្សាទុក៖ ការរក្សាទុកក៏មិនមែនជារឿងលំបាកដែរ គឺយកត្រីដែលហាលស្ងួតហើយនោះមករុំនឹងក្រដាស់អនាម័យឲ្យបាន 2 ជាន់(រុំឲ្យជិត) នៅពេលរុំស្រេចហើយ សូមយកក្រដាស់កាសែតមករុំខ្ចប់មួយជាន់ទៀតរួចហើយដាក់ចូលក្នុងថង់ចងមាត់ឲ្យជិត រួចយកទៅទុកទូទឹកកកជាការស្រេច ។
វិធីស្ងោរជ្រក់ក្បាលត្រី មិនឲ្យធុំឆ្អាប៖ សំរាប់អ្នកដែលចូលចិត្តពិសាស្ងោរជ្រក់ក្បាលត្រី យើងមានវិធីណែនាំដូចតទៅ សូមដាំទឹកឲ្យពុះខ្លាំងជាមុនសឹនរួចហើយដាក់គល់ស្លឹកគ្រៃហាន់ (រាងច្រើនបន្តិច) ម្តេងដំ និងស្លឹកក្រូចសើចរួចតាមដោយក្បាលត្រីដែលលាងស្អាត និងត្រៀមទុកជាស្រេចហើយនោះ(មិនថា ក្បាលត្រីឆ្តោ ឬត្រីឆ្កោកឡើយ)ចូលទៅ ទុកចោលប្រមាណ 1 នាទីសឹមស្រង់យកទុកឲ្យស្រស់ទឹក ។ដាក់ដាំទឹកសំរាប់ស្ងោរជ្រក់ជាថ្មី ហើយស្ងោរតាមធម្មតា ដោយដាក់គ្រឿងគ្រៅតាមដែលលោកអ្នកចូលចិត្ត ។ តែប៉ុណ្ណឹងទឹកស្ងោរជ្រក់ និងសាច់ត្រីលែងធុំក្លិនឆ្អាបរំខានអារម្មណ៍យើងទៀតហើយ ។
ឆ្នាំងសម្លធុំក្លិនឆ្អាបត្រី៖ បញ្ហាដែលតាមមកបន្ទាប់ពីចំអិនម្ហូបប្រភេទត្រីរួចហើយនោះគឺ ឆ្នាំងដែលប្រើប្រាស់នោះច្រើនតែនៅមានក្លិនឆ្អាបដឹតជាប់នៅពេលយើងយកវាទៅចំអិនអាហារផ្សេងទៀត ដូចជាធ្វើនំ ឬបង្អែមជាដើមវានឹងធ្វើឲ្យបង្អែមនោះមានក្លិនឆ្អាប វិធីកែបញ្ហាគឺ ៖ –ចូរយកទឹកតែ ឬកាកតែដែលយើងឆុងហូបនៅតាមផ្ទះនោះ មកចាក់ចូលក្នុងឆ្នាំងដែលយើងត្រូវការបំបាត់ក្លិនឆ្អាប ហើយដាក់ដាំឲ្យពុះ ប្រមាណជា 1 – 3 នាទី រួចហើយសឹមចាក់ចេញ រួចលាងឲ្យស្អាតឡើងវិញ ។ ទឹកតែនឹងជួយបឺតយកក្លិនឆ្អាបរបស់ត្រី ចេញអស់ពីឆ្នាំងបាន ។ –ឬក៏តាមរយ:វិធីមួយទៀតគឺ យកដុំធ្យូងមួយដុំធំល្មម មកដាក់ស្ងោរនៅក្នុងឆ្នាំងដែលលោកអ្នកចង់បំបាត់ក្លិនឆ្អាបនោះដោយដាក់ស្ងោរឲ្យពុះប្រមាណជា 1 – 3 នាទី ។
វិធីនេះក៏អាចជួយធ្វើឲ្យបាត់ក្លិនឆ្អាបបានដែរ គ្រាន់តែរាងប្រឡាក់បន្តិចប៉ុណ្ណោះ ៕
ដោយ៖សហការី