ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-សិង្ហបុរី​ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានកើនឡើងជាង ១៩០% ​

ចែករំលែក៖

សេដ្ឋកិច្ច​៖​ យោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​បានបង្ហាញថា​ ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-សិង្ហបុរី ​សម្រេច​បាន​នូវទំហំទឹកប្រាក់ ​៣៣៥ ​លានដុល្លារ ​គិត​ចាប់​ពី​ខែ​មករា ​ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​កើនឡើងជាង ១៩០% ​ធៀបនឹងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន ឆ្លុះ​បញ្ចាំង​ពីតម្រូវ​ការ​កើន​ឡើង​នៃប្រទេសទាំងពីរ ​ខណៈកម្ពុជា​នៅតែបន្តរក្សា​បានទី​ផ្សារ​សំខាន់ៗ។​

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ​គិតចាប់ពីខែមករា ​ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ការដោះដូរទំនិញកម្ពុជា- សិង្ហបុរីសម្រេចបាន ៣៣៥ ​លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ​ទៅ​សិង្ហបុរី ​មានតម្លៃ ១២,៦៨ លាន ដុល្លារ ​ខណៈប្រទេសសិង្ហបុរី ​នាំចូល​មកវិញ​មានតម្លៃ ៣២២ លានដុល្លារ កើន ២០៩%។

កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​សិង្ហបុរីជាង ៣០០ លានដុល្លារ នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦។​​

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ យល់ឃើញថា ដោយ​សារ​មានតម្រូវ ការកើនឡើងរវាងប្រទេសទាំងពីរជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏​បង្កើត​ចរន្តឱ្យមានការទិញ-លក់ ​ដើម្បី​បំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។​

​លោកបណ្ឌិត ហុង វណ្ណៈ​ បញ្ជាក់ថា៖ «​ប្រទេសសិង្ហបុរី ជាទីផ្សារមួយសំខាន់ ​ពីព្រោះសិង្ហបុរី ​ជា​ប្រទេស​ដែលមាន​ស្ដង់ដារខ្ពស់ ​ទាំងមនុស្ស ​និង​របៀបរបបនៃការរស់នៅ បើគេមានតម្រូវការ​ផលិត​ផល​កម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយ​តបទៅនឹងតម្រូវការរបស់សិង្ហបុរី​ ដែលជា​គំរូមួយ​ជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែង​ជាមួយបណ្ដា​ប្រទេសផ្សេងៗទៀត»។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅ​ឆ្នាំ ​២០២៥ ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-សិង្ហបុរី ​សម្រេច​បាន ២,៣៤ ​ពាន់លានដុល្លារ ​កើនឡើង ៨៩% ក្នុងនោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅ ប្រទេសសិង្ហបុរី​ មាន​តម្លៃ ៩២០ លានដុល្លារ កើនជាង ២០០% ចំណែកឯសិង្ហបុរី ​នាំចូលមកវិញមានតម្លៃ ១,៤២​ ពាន់លាន​ដុល្លារ កើន ៥០,៥០%៕ដោយ​៖តារា​


ចែករំលែក៖