ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការទាមទារសំណងពី «សត្រូវ» របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ​៖​ លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់​ កាលពីយប់ថ្ងៃអាទិត្យទី១៦​ ខែមីនា​ ឆ្នាំ​២០២៦​ បានបញ្ជាក់ជាថ្មីអំពីការទាមទារសំណងរបស់ប្រទេសលោកពី «សត្រូវ» របស់ខ្លួន។

អំណាននៅលើគណនី Telegram របស់មេដឹកនាំកំពូលបាននិយាយថា «យើងនឹងទទួលបានសំណងពីសត្រូវ ហើយប្រសិនបើត្រូវបានបដិសេធ យើងនឹងយកទ្រព្យសម្បត្តិតាមដែលយើងកំណត់ ហើយប្រសិនបើមិនអាចធ្វើទៅបាន យើងនឹងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកនោះក្នុងចំនួនដូចគ្នា»។

សូមជម្រាបថា​ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងជាច្រើនផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់ បានឆ្លើយតបដោយការវាយប្រហារមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើមូលដ្ឋាន និងយុទ្ធោបករណ៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នេះបើយោងតាមការប្រកាសរបស់សភាអ្នកជំនាញកាលពីថ្ងៃទី៨ ខែមីនា។ លោក Mojtaba Khamenei បានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ចាប់តាំងពីឡើងកាន់តំណែង ដោយបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕ដោយ​៖តារា​


ចែករំលែក៖