ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេដឹងថាជាមនុស្សប្រើ ប្រាស់ថ្នាំញៀន បានធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងបណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចក្រុមទី១២ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរបង្កឡើងដោយឈ្មោះ ចាន់ ផល ហៅ ទត ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅក្នុងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង បានដុតផ្ទះម្តាយបង្កើតខ្លួនឯងឈ្មោះ ចាន់ ចេង អាយុ ៥៨ឆ្នាំ ខណៈដែលគាត់មិនបាននៅផ្ទះទំហំ ៤ម៉ែត្រX១២ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងស័ង្កសី ប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង) ។
លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដែលបានទទួលព័ត៏មានបឋមពីដំណើររឿង គឺអគ្គិភ័យនេះបានផ្ដើមចេញពីរឿងលោកកូនបែកថ្នាំ ដែលខឹងសុំលុយម្ដាយមិនបាន ក៏ដុតបំផ្លាញផ្ទះម្ដាយចោលតែម្ដងទៅ ។
លោកបានប្រាប់ថា បើតាមប្រវត្តិ ពេលជនបង្កការអុក ឡុកម្ដងៗ ម្ដាយហាក់មិនសូវសហការជាមួយសមត្ថកិច្ចទេ ។ ផ្ទុយទៅវិញ ម្ដាយកាន់តែជម្រុញកូនឲ្យរត់គេចកុំឲ្យសមត្ថកិច្ចឃាត់ខ្លួន ឥឡូវលោកកូនដុតផ្ទះចោលល្មម សូម្បីតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏រំដោះមិនបានដែរ ។ ក្រោយដុតផ្ទះម្ដាយឆេះហ្មត់ ជននេះបានរត់គេចខ្លួនបាត់ភ្លាមៗដែរ រហូតមកដល់ពេលនេះរកមុខមិនទាន់ឃើញផង ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងកម្លាំងតាមបណ្តាស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងចុះជួយអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែមិន បានប្រើប្រាស់ទឹកនោះទេដោយសារប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានសហការគ្នាបាញ់ពន្លត់រហូតរលត់ទាំងស្រុងទៅហើយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច