ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអង្គការសហប្រជាជាតិ​(UN) ជាង​២០០​នាក់​នៅ​ស៊ី​រី ឆ្លង​ជំងឺ​COVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាមការបញ្ជាក់របស់មន្ត្រីពេទ្យ និងមន្ត្រីរបស់អង្គការសហប្រជាជាតិ​(UN) អះអាងថា៖ បុគ្គលិករបស់ខ្លួន ដែលកំពុងបំពេញការងារមនុស្សធម៌ជាង២០០នាក់ នៅស៊ីរីបានឆ្លងជំងឺ COVID-19 ខណៈដែលអង្គការមួយនេះ កំពុងស្វែងរកវិធីសាស្ត្រទប់ស្កាត់ឆ្លងជំងឺ ក្នុងប្រទេសដែលញាំញីដោយសារសង្គ្រាម និងទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចមួយនេះ

​​បើយោងតាមលិខិតរបស់មន្ត្រី UN ប្រចាំស៊ីរី បានបញ្ជាក់ថា មានករណីឆ្លងច្រើនជាង២០០ករណីក្នុងចំណោមបុគ្គលិករបស់ UN ដែលក្នុងនោះមានមួយចំនួនត្រូវបានដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំណែកឯបុគ្គលិកបីរូបទៀតត្រូវបានជម្លៀសចេញពីស៊ីរី ដែលទំនងបណ្ដាលមកពីស្ថានភាពធ្ងន់ធ្ងរនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

ទីភ្នាក់ងាររបស់ UN និងអង្គការក្រៅរដ្ឋាភិបាលនៅស៊ីរីបច្ចុប្បន្នកំពុងធ្វើការផ្តល់ជំនួយមនុស្សម៍ នៅក្នុងប្រទេសស៊ីរីដែលសង្គ្រាមស៊ីវិលបានអូសបន្លាយពេលជិត១០ឆ្នាំ ចំណែកតួរលេខនៃបុគ្គលិក UN ប្រចាំស៊ីរីដែលឆ្លងCOVID-19 ត្រូវបានគ្រូពេទ្យកត់សម្គាល់ថា មានចំនួនច្រើន ហើយក៏រាប់បញ្ចូលទាំងបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឲ្យ​UN ផងដែរ

ដោយឡែក អ្នកសម្របសម្រួលកិច្ចការរបស់ UN និងមនុស្សធម៌នៅស៊ីរីលោក Imran Riza បានអះអាងក្នុងលិខិតដែលផ្ញើទៅកាន់បុគ្គលិករបស់លោកថា UN កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយក្នុងការទទួលបានសម្ភារៈវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកឆ្លងជំងឺ COVID-19 ជាក់ស្ដែងកាលពីខែមុន UN បានបង្ហាញសេចក្តីបារម្ភចំពោះការឆ្លងយ៉ាងរហ័សនៅស៊ីរីខណៈកន្លែងផ្តល់សេវាសុខាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធខ្លាំង ហើយមន្ទីរពេទ្យត្រូវខូចខាតដោយសារសង្គ្រាម សម្ភារថ្នាំពេទ្យមានចំនួនកំណត់

មន្ត្រី UNរូបនេះ បន្ថែមថា ចំនួនករណីឆ្លង​COVID-19 នៅស៊ីរីបានកើនឡើង១០ ដងក្នុងរយៈពេលខែចុងក្រោយនេះ ហើយស្ថានភាពជំងឺឆ្លងបានប្រែប្រួលយ៉ាងឆាប់រហ័ស បច្ចុប្បន្ននេះ ស៊ីរីមានការឆ្លង,១៧១ករណី និងស្លាប់ចំនួន១៣៤នាក់ តាំងពីរកឃើញករណីដំបូងនៅថ្ងៃទី២៣មីនា ប៉ុន្តែអង្គការមួយចំនួន ពុំសូវជឿទុកចិត្តទិន្ន័យនេះទេ និងសង្ស័យអាជ្ញាធរបានលាក់បំបាំងតួលេខខ្លះ អាជ្ញាធរស៊ីរីបានច្រានចោលការចោទប្រកាន់នេះ តែទទួលស្គាល់ការធ្វើតេស្តមានចំនួនកំណត់

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារសង្គ្រាមហែកហួរ និងទំនោរនយោបាយផ្ទុយនឹងលោកខាងលិច រដ្ឋាភិបាលស៊ីរីទទួលជំនួយបានត្រឹមតែពីចិន និងរុស្ស៊ីប៉ុណ្ណោះ ជាក់ស្តែង ចិនបានផ្តល់ឧបករណ៍ធ្វើតេស្តពាន់សម្រាប់ អាវពាក់ការពារ និងម៉ាស់ដល់រដ្ឋាភិបាលស៊ីរីក្នុងខែមីនា ចំណែករុស្ស៊ីបានផ្តល់សម្ភារខ្លះតាមនាវា ចំណែកជំនួយមនុស្សធម៍ដល់ជនស៊ីវិលដែលរងគ្រោះវិញ កាន់តែពិបាកនាំចូលទៅក្នុងប្រទេសនេះ បន្ទាប់ពីរុស្ស៊ីបានទាមទារឲ្យបិទច្រកដឹកជំនួយពីអ៊ីរ៉ាក់ និងតួគីទៅកាន់ស៊ីរី

ដោយ៖ស តារា

 


ចែករំលែក៖