ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេងនិងមន្ដ្រីរាជការក្រោមឱវាទបានចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តទួលសន្តិវ័នហៅវត្តទួលអស់លោកតាមទំនាមទម្លាប៉ព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជា
មួយមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេនទី៧នៅវត្តទួលសន្តិវ័នហៅវត្តទួលអស់លោកក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ។
ពិធីកាន់បិណ្ឌវេនទី៧នេះ ដោយមានការជួបជុំពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស ធ្វើការនមស្ការព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនា។លុះដល់ថ្ងៃទី៩ ខែកញ្ញា វេលាម៉ោង៩ព្រឹកប្រគេនយាគូចំពោះព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃនិងពហូទេវា ដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
ពិធីកាន់បិណ្ឌបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទជាកាលបរិច្ឆេទដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជនប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យនៅវត្តដោយមានទឹកមុខរីករាយ ស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាបជឿកម្មផល។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀកបំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមានឧបាសកឧបាសិកា មហាជន មូលមីរគគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះរងំដល់សោតិន្ទ្រិយារម្មណ៍គួរឱ្យរំភើបរីករាយពន់ ប្រមាណ ។
ជាមួយគ្នានោះលោក ឃួង ស្រេង ក៏បានអំពាវនាវដែរថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងសម្អាតដៃជាមួយសាប៊ូ ទឹកស្អាត ការពាក់ម៉ាស់ឬក្រមា និងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម ។ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ព្រោះថាមកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ទោះបីគ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាទីក្រុងនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភបំផុត៕

ដោយ៖ សំរិត


ចែករំលែក៖