ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យបីនាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួន នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យព្រមទាំងរឹបអូសថ្នាំញៀនមួយចំនួន។
ការបង្រ្កាបគ្រឿងញៀនខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង ដោយរឹបអូសនូវសារធាតុញៀនម្សៅក្រាមពណ៌សប្រភេទម៉ាទឹកកកចំនួន០៣ថង់ស្មើ៥៦.២ក្រាម។
ចំណែកជនសង្ស័យចំនួន៣នាក់ដែលឃាត់ខ្លួនបានមាន៖
ទី១៖ឈ្មោះហេង ដារ៉ូ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិអភិវឌ្ឍន៍ ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ទី២៖ឈ្មោះ វឿន កូន ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិឃុំខាងលើ។
ទី៣៖ឈ្មោះរ៉ាន ធូនឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើរស់នៅភូមិឃុំខាងលើ។
ក្រៅពីដកហូតគ្រឿងញៀនសមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនទៀតរួមមាន៖ទូរស័ព្ធដៃអិនចុចពិលចំនួន០១គ្រឿង,ទូរស័ព្ធដៃម៉ាកoppoចំនួន០២គ្រឿង,ប្រាក់ខ្មែរចំនួន២០០.០០០រៀល(ម្ភៃម៉ឺនរៀល)កាបូបដៃចំនួន០១,ដបទឹកសុទ្ធសម្រាប់ជក់ថ្នាំញៀនចំនួន០២, ដែកកេះចំនួន០៣,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ប៉ែន នួន