អន្តរជាតិ៖ ស្របពេលកងទ័ពចិន កំពុងបង្កើនសមយុទ្ធយោធារបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់នោះ ។ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃទី៨ ខែកញ្ញានេះ បានអំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្តកាន់របបប្រជាធិបតេយ្យ ប្រឆាំងសកម្មភាពអុងអាត់របស់ប្រទេសមួយចំនួន និងការពារសេរីភាពនៅក្នុងតំបន់។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីមេដឹកនាំតៃវ៉ាន់រូបនេះ បានថ្លែងនៅក្នុងវេទិកាមួយ ដោយមានការចូលរួមពីមន្ត្រីសន្តិសុខតៃវ៉ាន់ និងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសលោកខាងលិចមួយចំនួនថា៖ តៃវ៉ាន់ បានឈរនៅតំបន់ជួរមុខនៃការការពារលទ្ធិប្រជាធិបតេយ្យពី«ការឈ្លានពានរបស់ជនផ្តាច់ការ»។
លោកស្រី Tsai ដោយចង់សំដៅលើរដ្ឋាភិបាលចិន ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ « ការកើនឡើងយ៉ាងឆាប់រហ័សនៃយោធូបនីយកម្មនៅក្នុងសមុទ្រចិនខាងត្បូង ការកើនឡើងនៃយុទ្ធវិធីតំបន់ប្រផេះ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងកើត ការទូតចាប់បង្ខំ ដែលបានប្រើប្រាស់ប្រាស់ប្រឆាំងលើប្រទេស និងក្រុមហ៊ុនមួយចំនួន…កំពុងបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សូមជម្រាបថា ក្នុងន័យនេះ លោកស្រី Tsai បានទទូចឲ្យប្រទេសដែលមានប្រជាធិបតេយ្យដូចគ្នានៅក្នុងតំបន់អាស៊ី និងតំបន់ផ្សេងទៀតគិតគូពីចំណាត់ការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីទប់ស្កាត់សកម្មភាពបំពានគេឯងបែបនេះ។ ជាមួយគ្នាដែរ លោកស្រី Tsai បានបន្តថាយុទ្ធសាស្ត្រទាំងនោះ ត្រូវតែជៀសវាងការធ្វើសង្គ្រាម និងការពារលទ្ធិប្រជាធិបតេយ្យតាមរយៈកិច្ចសហប្រតិបត្តិការ តម្លាភាព កិច្ចចរចាជាដើម។
បន្ថែមពីនេះ កងទ័ពចិន កាលពីថ្ងៃទី៧ ខែកញ្ញា ក៏បានចាប់ផ្តើមសមយុទ្ធយោធានៅក្នុងសមុទ្រ Bohai ភាគខាងកើតប្រទេស និងសមយុទ្ធនៅតំបន់សមុទ្រផ្សេងទៀត ដែលធ្វើនៅថ្ងៃទី៨ ខែកញ្ញា និងថ្ងៃទី៩ ខែកញ្ញា។ ខណៈដែលចិន បានបង្កើនសមយុទ្ធយោធារបស់ខ្លួនយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ។ ថ្មីៗនេះ ចិនទើបតែបញ្ចប់សមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូងនិងច្រកសមុទ្រតៃវ៉ាន់ជាដើម ។
គួរបញ្ជាក់ថា សមយុទ្ធនេះ ក៏មានវត្តមានរបស់នាវាដឹកយន្តហោះចម្បាំងចិនទាំងពីរគ្រឿងរបស់ចិនផងដែរ។ សមយុទ្ធទាំងនេះ មិនបានធ្វើឲ្យតៃវ៉ាន់ស្ងប់ចិត្តទេ ហើយថែមទាំងធ្វើឲ្យដែនកោះមួយនេះ បារម្ភពីបញ្ហាសន្តិសុខថែមទៀត៕ដោយ៖ស តារា