ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ​ចិន ប្រកាសថា៖ ចិន​ទទួលជោគជ័យ​ក្នុង​សង្គ្រាម​ប្រជាជន​ប្រឆាំង​ជំងឺ​រាតត្បាត​សកល COVID-19

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី ខែកញ្ញាឆ្នាំ២០២០នេះ បានប្រកាសថា ចិនទទួលជោគជ័យក្នុងសង្គ្រាមប្រជាជនប្រឆាំងជំងឺរាតត្បាតសកល COVID-19 ដូចអ្វីដែលតាមការសន្យារបស់លោក ស៉ី កាលពីខែមុន ក្នុងពិធីប្រគល់មេដាយជូនដល់បុគ្គលនាក់មកពីវិស័យវេជ្ជសាស្ត្រ មេដឹកនាំចិនរូបនេះក៏អះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការឆ្លើយតប COVID-19 ប្រកបដោយតម្លាភាព និងបើកចំហ

ជាក់ស្តែងនៅក្នុងពិធីប្រគល់មេដាយនៅវិមានប្រជាជនចិន បានចាប់ផ្ដើមជាមួយភាពស្ងប់ស្ងាត់រយៈពេលមួយនាទីពេញ ដើម្បីបង្ហាញក្តីគោរពដល់អ្នកដែលបាត់បង់ជីវិតអំឡុងការផ្ទុះរាលដាលជំងឺ COVID-19​ បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិន ក៏បានបញ្ជាក់ថាមនុស្ស៤៦៣៦នាក់បានស្លាប់ដោយសារជំងឺនេះក្នុងប្រទេសចិន

លោកប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសនៅចំពោះមុខអ្នកចូលរួមរាប់រយនាក់ថា«​យើងបានឆ្លងផុតការធ្វើតេស្តជាប្រវត្តិសាស្ត្រនិងមហាអស្ចារ្យ​»​ មិនតែប៉ុណ្ណោះលោកបន្តលើកសរសើរប្រទេសចិនសម្រាប់ការតស៊ូដ៏ក្លាហានប្រឆាំង COVID-19

លោក ស៊ី សង្កត់ធ្ងន់ក្នុងសុន្ទរកថាដូច្នេះថា«​យើងបានសម្រេចជោគជ័យយ៉ាងលឿនក្នុងសង្គ្រាមរបស់ប្រជាជនប្រឆាំងជំងឺ COVID-19​យើងកំពុងដឹកនាំពិភពលោកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងក្នុងការប្រយុទ្ធប្រឆាំងCOVID-19»​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

សូមជម្រាបថា កាលពីដើមខែកុម្ភៈ អំឡុងពេលចុះត្រួតពិនិត្យដោយកិច្ចការទប់ស្កាត់ និងគ្រប់គ្រងកូរ៉ូណាវីរុសនៅរដ្ឋធានីប៉េកាំង លោក ស៊ីជិនភីង ក៏ធ្លាប់បានអះអាងថា៖ ចិននឹងទទួលជោគជ័យក្នុងសង្គ្រាមរបស់ប្រជាជនប្រឆាំងជំងឺ COVID-19 នៅទីបំផុត

បើតាមការពិតទៅ ចិនបានទទួលសម្ពាធខ្លាំងពីអន្តរជាតិពាក់ព័ន្ធនឹងការឆ្លើយតបរបស់ខ្លួនប្រឆាំង COVID-19 ដោយទាំងសហរដ្ឋអាមេរិកនិងអូស្ត្រាលីបានចោទប្រកាន់រដ្ឋាភិបាលប៉េកាំងថាបានព្យាយាមបិទបាំងប្រភពដើម និងភាពធ្ងន់ធ្ងរនៃជំងឺ COVID-19

ក្នុងសុន្ទរកថាដដែល ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ស៊ី ជិនភីងបានអះអាងថា ប្រទេសចិន បានធ្វើសកម្មភាពក្នុងឥរិយាបថប្រកបដោយតម្លាភាព និងបើកចំហ តាំងពីដើមមក ហើយក៏បានចាត់វិធានការដែលមិនរួញរាដើម្បីជួយជីវិតមនុស្សផងដែរ ត្រង់ចំណុចនេះលោកនិយាយដូច្នេះថា«​ចិនបានជួយជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ហើយនេះបង្ហាញឲ្យឃើញពីភាពចង់បានដោយស្មោះត្រង់របស់ចិនក្នុងការកសាងអនាគតរួមគ្នា និងសហគមន៍សម្រាប់មនុស្សជាតិ​»​

លោក ស៊ី ជិនភីង បន្ទាប់ពីថ្លែងសុន្ទរកថាចប់ លោកក៏បានប្រគល់មេដាយមាសទៅឲ្យបុគ្គលនាក់មកពីវិស័យវេជ្ជសាស្ត្រ ដែលលោកចាត់ទុកជា «​វីរជន​» ក្នុងចំណោមអ្នកទាំង គឺមានលោកវេជ្ជបណ្ឌិតZhong Nanshan ដែលជាអ្នកជំនាញវេជ្ជសាស្ត្រដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន គ្រូពេទ្យវ័យ៨៣ឆ្នាំរូបនេះ បានលេចមុខជាប្រមុខដឹកនាំសមរភូមិរបស់ចិនប្រឆាំង COVID-19​

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Zhong ត្រូវបានប្រគល់ពានរង្វាន់ថ្នាក់ជាតិកំពូលរបស់ចិន ចំណែកបុគ្គលនាក់ទៀតត្រូវបានប្រគល់គោរមងារជា «​វីរជនរបស់ប្រជាជន​»​ រីឯអ្នកទាំងបីនោះគឺមាន៖ អ្នកជំនាញផ្នែកជីវគីមីលោកវេជ្ជបណ្ឌិត Chen Wei ប្រធានមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន និងអ្នកជំនាញឱសថបុរាណចិនវ័យ៧២ឆ្នាំម្នាក់

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពិធីនេះ ពុំបាននឹកដល់ឈ្មោះរបស់វេជ្ជបណ្ឌិត Li Wenliang នោះឡើយ លោក គ្រូពេទ្យ Li ជាមនុស្សទីមួយដែលបានប្រកាសអាសន្នអំពីការផ្ទុះរាលដាល COVID-19 ហើយក្រោយមកទទួលមរណភាពដោយសារជំងឺនេះផងដែរ ៕ដោយ៖ស តារា


ចែករំលែក៖