អន្តរជាតិ៖ សម្រាប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងអឺរ៉ុបលោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ប្រកាសទុកពេលត្រឹមថ្ងៃទី១៥ខែតុលាខាងមុខនេះ ។ ដោយការចរចាលើកិច្ចព្រមព្រៀងដែលកំណត់របៀបរបបរកស៊ីរវាងអង់គ្លេសដែលចាកចេញពីអឺរ៉ុបកាលពីឆ្នាំ២០១៩ និងអឺរ៉ុប ជាបញ្ហាប្រឈមដ៏លំបាកតាំងពីការចាប់ផ្ដើមកម្ល៉េះ ខណៈការចរចាជាច្រើនជុំ ក៏មិនទាន់មានលទ្ធផលសមប្រកបដែរ។ មិនតែប៉ុណ្ណោះទីក្រុងឡុងដ៍ ហាក់ប្រកាន់ជំហរម៉ឺងម៉ាត់ខ្លាំង ហើយជារឿយៗព្រមានថា មិនបាច់មានកិច្ចព្រមព្រៀងក៏បាន។
សូមជម្រាបថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងបើកការចរចាជុំវិញទី៨ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញអង់គ្លេសកាលពីឆ្នាំ២០១៩ ។ បើទោះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មបានចំណាយពេលច្រើនក្ដីប៉ុន្តែភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនហើយភាគីម្ខាងៗបានចោទគ្នាទៅវិញទៅមកថា មិនចេះថយក្រោយមួយជំហាន ហើយប្រើប្រាស់គោលនយោបាយគ្រោះថ្នាក់ក្នុងការចរចាទៀតផង។
ប្រធានក្រុមចរចាអង់គ្លេស លោក David Frost មុនជំនួបជាមួយភាគីអឺរ៉ុបលោក Michel Barnier លោកបានផ្ញើសារនៅថ្ងៃទី៦ ខែកញ្ញាថ្មីៗនេះថា៖អង់គ្លេស នឹងមិនសម្របសម្រួលជំហររបស់ខ្លួនឡើយ។ ចំណែកលោកBarnier វិញ ក៏ធ្លាប់ព្រមានថារួចហើយថា ការចរចាអាចទៅមុខ ឬបរាជ័យអាស្រ័យត្រង់ការសម្រេចបានឬអត់ការឯកភាពគ្នាលើការអនុញ្ញាតឲ្យអឺរ៉ុបចូលដែននេសាទអង់គ្លេស និងបញ្ញត្តិទាក់ទងការផ្ដល់ជំនួយរបស់រដ្ឋ។
ដោយឡែកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានទុកឱសានវាទត្រឹមថ្ងៃទី១៥ ខែតុលាខាងមុខ ឲ្យការចរចារសម្រេចចិត្តឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ខណៈការចរចាជួបបញ្ហារាំងស្ទះច្រើនលើក ។ ប៉ុន្តែជំហរនេះ ក៏មិនខុសគ្នាប៉ុន្មានពីការចង់បានរបស់អឺរ៉ុបដែរព្រោះអឺរ៉ុបត្រូវការពេលដើម្បីអនុវត្តនីតិវិធីផ្សេងទៀតដូចជាការបកប្រែ និងការផ្ដល់សច្ចាប័នរបស់សភាអឺរ៉ុបជាដើម។
លោក ចនសុន បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ចេញដោយការិយាល័យនាយករដ្ឋមន្ត្រីថា៖ «មានការចាំបាច់ដែលត្រូវមានកិច្ចព្រមព្រៀងជាមួយមិត្តភក្តិអឺរ៉ុបរបស់យើង នៅត្រឹមកិច្ចប្រជុំក្រុមប្រឹក្សានៅថ្ងៃទី១៥ ខែតុលាប្រសិនចង់ឲ្យកិច្ចព្រមព្រៀងចូលធរមានៅចុងឆ្នាំនេះ។» លោកនាយករដ្ឋមន្រ្តីរូបនេះ ក៏ព្រមានថា វាជារឿងគ្មានប្រយោជន៍ដែលចង់គិតហួសពីរយៈពេលខាងលើ ហើយបើចរចាមិនបានសម្រេច វាក៏គ្មានការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែរ។
គួរបញ្ជាក់ថា ក្នុងករណីគ្មានកិច្ចព្រមព្រៀងមែននោះលោក ចនសុនលើកឡើងថា ប្រទេសរបស់លោក នឹងយកលំនាំតាមអូស្ត្រាលីក្នុងការរកស៊ីជាមួយអឺរ៉ុប ឬលំនាំតាមកិច្ចព្រមព្រៀងរវាងកាណាដា និងប្រទេសផ្សេង។សម្រាប់អូស្ត្រាលី ការធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប ធ្វើឡើងតាមបញ្ញតិ្ត និងក្បួនយកពន្ធដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក៕ដោយ៖ស តារា