ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំចំពោះក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារចាស់ៗ ក្រោយពីមានគ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងដោយមិនដឹងជាមុន ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃ២៨ មីនា ២០២៥នេះ ។
សូមបញ្ជាក់ថា៖ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌចុះពិនិត្យបែបនេះ ខណៈគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ វាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ានិងរង្គើដល់ប្រទេសថៃ និងប្រទេសវៀតណាម ។
ណៃពិដោ៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លាក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅស្របពេលដែលអគារនានាបានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃបានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ដែលបង្កឡើងពីការរញ្ជួយដីខាងលើនៅឡើយទេ៕
ដោយ ៖ សំរិត