ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ កិច្ចប្រជុំអនឡាញស្តីពី ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីណែនាំអំពីការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025), រៀបចំផែនការសកម្មភាពបំប៉នសិស្សនៅតាមសាលារៀនដែលបានជ្រើសរើសជាសាលារៀនសំណាក និងការចូលរួមពីប្រធានមន្ទីរ ការិយាល័យជំនាញ និងសាលារៀនសំណាក, និង រៀបចំយន្តការពិនិត្យតាមដាន ដើម្បីធានាសិស្សទទួលបានការបំប៉នស្តីពីការអនុវត្តគំរូសំណួរតេស្ត PISA។
កម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ធ្វើការវាស់វែងលើសមត្ថភាពរបស់សិស្សអាយុ ១៥ឆ្នាំ លើមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ដែលនៅកម្ពុជា សិស្សអាយុ ១៥ឆ្នាំកំពុងសិក្សានៅមធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី ៧ ដល់ទី ១០ ដោយសារកត្តាមួយចំនួនដូចជា សិស្សចូលរៀនយឺត និងការរៀនត្រួតថា្នក់ ជាដើម។ល។ តេស្តរង្វាយតម្លៃអន្តរជាតិ វាស់វែងលើសមត្ថភាព ៦កម្រិត ដែលផ្តោតលើសមត្ថភាពយល់ដឹងការស្វែងរកព័ត៌មាន ការចេះគិតពិចារណា និងអាចធ្វើទំនាក់ទំនងរវាងព័ត៌មានក្នុងការសិក្សាជាមួយនឹងចំណេះដឹងប្រចាំថ្ងៃ។ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអនុវត្តកម្មវិធី PISA ចំនួន ៣លើក៖ លើកទី១ គឺកម្រិតសាកល្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០១៧ (PISA-D), លើកទី២ PISA ២០២២ និងលើកទី៣ នៅឆ្នាំ ២០២៥ ដែល ការចុះប្រមូលទិន្នន័យផ្លូវការសម្រាប់កម្មវិធី PISA ២០២៥ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅក្នុង PISA ២០២៥ ខាងមុខ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងណែនាំពីយន្តការ មួយចំនួនដូចជា៖
– (ទី១) ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA 2025)៖ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តទាំងអស់ត្រូវចាត់ទុកកិច្ចការងារតេស្តអន្តរជាតិ PISA ជាកិច្ចការងារអាទិភាពរបស់ក្រសួង និងរាជរដ្ឋាភិបាលទាំងមូល, រៀបចំក្រុមការងារ (មានសមាសភាពមកពីគ្រប់អង្គភាពជំនាញពាក់ព័ន្ធ) ព្រមទាំងរៀបចំកម្មវិធីការងារចុះជួយគាំទ្របំប៉នគ្រូ និងហ្វឹកហាត់សំណួរតេស្តអន្តរជាតិ PISA ដល់សិស្សអាយុ ១៥ឆ្នាំ ឱ្យបានគ្រប់ ១៨៦សាលារៀនសំណាក, នាយកដ្ឋានជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសគម្រោងនានា ត្រូវសម្របសម្រួលផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមសហការក្នុងការចុះជួយសាលារៀនឆ្លើយតបនឹងតេស្តអន្តរជាតិ PISA-2025។
– (ទី២) ការរៀបចំផែនការសកម្មភាពបំប៉នសិស្សនៅតាមសាលារៀន ដែលត្រូវបានជ្រើសរើសជាសាលារៀនសំណាក៖ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ទាំងអស់ត្រូវយកគំរូលំហាត់តេស្ត PISA ដែលនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ បានផ្តល់ជូន និងបង្ហោះនៅក្នុងបណ្តាញសង្គម និងតេលេក្រាម ឱ្យដល់សាលារៀនសំណាក ដើម្បីយកទៅបំប៉នសិស្សបន្ត និងចុះជួយសាលារៀនសំណាករៀងៗខ្លួន ដើម្បីឱ្យសាលារៀនសំណាកទទួលបានពិន្ទុ PISA 2025 ខ្ពស់។ លទ្ធផលរបស់សាលារៀនសំណាកនឹងត្រូវប្រើប្រាស់ ដើម្បីវាយតម្លៃប្រសិទ្ធភាពការងាររបស់ប្រធានមន្ទីរ និងការលើកទឹកចិត្តផ្តល់ពានជ័យលាភីជាប្រធានមន្ទីរគំរូ។
(ទី៣) ការរៀបចំយន្តការគាំទ្រ និងពិនិត្យតាមដាន ការអនុវត្តគំរូសំណួរតេស្ត PISA៖ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ត្រូវរៀបចំក្រុមការងារចុះជួយដល់សាលារៀនដែលបានជ្រើសរើស និងលើកទឹកចិត្តឱ្យ គ្រូបង្រៀនល្អ នៅតាមរាជធានី ខេត្តនីមួយៗ ដើម្បីចូលរួមជួយក្នុងការហ្វឹកហាត់ឆ្លើយសំណួរតេស្ត PISA។ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ នាយកដ្ឋានមធ្យមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ត្រូវស្រង់ស្ថិតិជាប្រចាំ (តាមសប្តាហ៍) អំពី ចំនួនសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ដែលបានចូលរួមអនុវត្តការបំប៉នសិស្ស និងហ្វឹកហាត់ សំណួរតេស្ត PISA។
ជាថ្មីម្តងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃលទ្ធផលរបស់កម្មវិធីតេស្តរង្វាយតម្លៃកម្រិតអន្តរជាតិ PISA គឺជាលទ្ធផលកម្រិត ខ្ពស់មួយរបស់ប្រព័ន្ធអប់រំ និងជាមុខមាត់របស់កម្ពុជា ក៏ដូចជាការវាស់វែងសមិទ្ធផលលើវិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភាពផងដែរ ដូច្នេះសូមឱ្យក្រុមការងារបន្តប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីអនុវត្តផែនការសកម្មភាពនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយត្រូវជំរុញការរៀនបំប៉ន និងរៀនពេញមួយថ្ងៃនៅតាមសាលារៀនគោលដៅ ត្រូវហ្វឹកហាត់អនុវត្តទាំងតេស្តគំរូ និងតាមមេរៀន។
ទន្ទឹមនឹងនេះ ក្រសួងនឹងស្នើឱ្យមន្ទីររៀបចំក្រុមការងារដោយមានលិខិតបេសកកម្ម និងសេចក្តីណែនាំជាក់ លាក់ ដែលការងារនេះនឹងត្រូវដឹកនាំដោយប្រធានមន្ទីរផ្ទាល់ និងការចូលរួមគាំទ្រដោយក្រុមការងារបច្ចេកទេសពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ហើយសម្រាប់នៅកម្រិតសាលារៀន ត្រូវបង្កើតជាក្រុមការងារទទួល ខុសត្រូវ ដោយមានសមាសភាពដូចជា នាយកសាលា នាយករងគ្រូបង្គោលនិងគ្រូតាមមុខវិជ្ជា៦នាក់(ភាសា ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា) ឬសាលានីមួយៗអាចបញ្ចូលគ្រូតាមតម្រូវការជាក់ស្តែង សំខាន់គឺត្រូវផ្តោតលើការបង្រៀនបំប៉នសិស្សឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សូរិយា