ភ្នំពេញ៖ នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជម្លៀស។
ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរស័ព្ទ៖
– លេខ 094 092 5905, 094 416 558
– លេខ 083 545 7788 (លោក ឈឹម វិបុល)
– លេខ 062 089 8918 (លោក សម្ផស្ស)
– លេខ 092 299 0133 (កញ្ញា ចន្ថា)៕
ដោយ៖ សូរិយា