ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនៅតែមានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ទោះបីរងគំនាបពីអាមេរិកក្តី

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា​​ ប្រធានាធិបតីចិន​ សីុ ជីនពីង បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអឺរ៉ុប​៣រូប​ នៅថ្ងៃទី៨ ខែកញ្ញា​។ នៅក្នុងកិច្ចប្រជុំនោះ អឺរ៉ុប​បានបង្ហាញពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម​ជាមួយចិនជាបន្តទៀត បើទោះបីទំនាក់ទំនង​រវាងចិន និឹង២ប្រទេសទៀតជាសមាជិកអឺរ៉ុបកំពុងប្រឈមមុខតានតឹងដាក់គ្នាក្តី។
សារព័ត៌មាន South China Morning Post (SCMP) បានផ្សាយថា នៅក្នុងកិច្ចប្រជុំពីចម្ងាយ(អនឡាញ) នៅថ្ងៃទី​៨ខែកញ្ញា ​រវាងអឺរ៉ុបនិឹងចិន​ក្រោមការដឹកនាំរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែល
បច្ចុប្បន្នលោកស្រីកំពុងកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំជាមួយប្រធានាធិបតីចិន ក្នុងនោះមានការចូលរួមពីប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកCharles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen។
តាមសារព័ត៌មាន​ SCMP បានផ្សាយថា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏ទទួលបានការអញ្ជើញឲ្យចូលរួម​នៅក្នុងកិច្ចប្រជុំនោះដែរ ប៉ុន្តែលោកមានធុរៈមិនអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនោះបាន។
មន្ត្រីសហគមន៍អឺរ៉ុប​បញ្ជាក់ថា ប្រធានាធិបតីចិន កំពុងតែយកចិត្តប្រទេសក្នុងតំបន់អឺរ៉ុប​ មុនពេលបោះឆ្នោតអាមេរិក​នៅដើមខែវិច្ឆិកាឆ្នាំ​២០២០។ កិច្ចប្រជុំនោះ វិស័យពាណិជ្ជកម្មគឺជាប្រធានបទសំខាន់បំផុត​ ។ តាមគម្រោង នឹងមានកិច្ចប្រជុំ កំពូល​អឺរ៉ុប+១ (មានន័យថា កិច្ចប្រជុំរវាងប្រទេសជាសមាជិកអឺរ៉ុបទាំង ២៧ ជាមួយនិងប្រទេសចិន ២៧+១) នៅចុងឆ្នាំនេះតែម្តង​៕

ដោយ៖ធី រីណា


ចែករំលែក៖