ភ្នំពេញ៖ ដោយមានការបង្ហាញផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។
បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ អ៊ុំ ចន្ថា នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៌ល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន ៣ទីតាំង។
ទីតាំងលក់ហ្គាសទី១ យីហោលក់ហ្គាស «បាយ័ន្ត» ដោយមានម្ចាស់ឈ្មោះ ព្រំ សារ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ៤០Eo ផ្លូវ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ទីតាំងលក់ហ្គាសទី២ យីហោ «ហាវ៉ៃ» ដែលមានម្ចាស់ឈ្មោះ ជា សុមាលី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ១០១ ផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
បញ្ជាក់ផងដែរ ដោយនៅក្នុងទីតាំងចំនួន ២កន្លែង ដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពិតប្រាកដមែន។ នគរបាលជំនាញ បានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់ហ្គាសទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ដោយ៖រ៉ារ៉ា