ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរលោកកេត សុជាតិ កំពុងបន្តនីតិវិធីសំណុំរឿងលោកផ្កាយ៣ ហ៊ាង ហ្វូខាយ ខណៈធ្លាយឯកសារថា លោកពិតជាមានភាគហ៊ុនក្នុងក្រុមហ៊ុន ជីន លីស៊ុន ប្រាកដមែន ស្របពេលលោកបានបដិសេធ

ចែករំលែក៖

ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានថ្លែងប្រាប់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះថា សំណុំរឿងព្រហ្មទណ្ឌលេខ៧៩៤០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនត្រូវចោទ៥នាក់ ក្នុងនោះមានលោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃផងនោះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ចំណាត់ការរបស់ចៅក្រមស៊ើបសួរនាពេលនេះ បន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើឈ្មោះ ៖

ទី១-ឈ្មោះ លីម លាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd  (ក្រៅឃុំ),

ទី២-ឈ្មោះ ចូវ ជីងហ្វូ ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ),

ទី៣-ឈ្មោះ ហ៊ាង ហ្វូខាយ មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ),

ទី៤-ឈ្មោះ វ៉ូ សិនតាំង ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ),

ទី៥-ឈ្មោះ វ៉ាង យុនជិន ជនជាតិចិន មុខរបរអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd (ក្រៅឃុំ) និង

ទី៦-ជាគូកន (ក្រៅឃុំ)។

ជនទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទក្លែងបន្លំឯកសារសាធារណៈ និងបទបំភាន់មន្ត្រីសុរិយោដីឱ្យចុះបញ្ជី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល ។

នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ។ 

ទោះបីយ៉ាងណា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ យើងបានទំនាក់ទំនងទៅលោក អុី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែលោកពុំទាន់មានការឆ្លើយតបអ្វីទេ ក្រោយទទួលបានសំណួរតាមបណ្តាញសង្គម Telegram។

ជាមួយគ្នានេះ យោងតាមឯកសារ លក្ខន្តិកៈក្រុមហ៊ុន ជីន លីស៊ុន (ខេមបូឌា) ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ បង្ហាញថា លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ អគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពិតជាមានភាគហ៊ុនក្នុងក្រុមហ៊ុន ជីន លីស៊ុន (ខេមបូឌា) ប្រាកដមែន ។ 

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០  លោក ហែម សុជាតិ មេធាវីតំណាងឱ្យលោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ ក៏បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយផងដែរ ។

សេចក្តីបំភ្លឺជាសាធារណៈនេះ លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ បដិសេធថា លោកមិនមែនជាជនជាតិចិន ទេ ហើយក៏មិនមានភាគហ៊ុនក្នុងក្រុមហ៊ុន ជីន លីស៊ុន (ខេមបូឌា) ដែរ ។ (ដើម្បីកាន់តែលម្អិតសូមអានសេចក្តីបំភ្លឺជាសាធារណៈបន្ថែម)។

គួររំលឹកថា ដំណើររឿងនេះផ្តើមចេញពីជនត្រូវចោទទាំងអស់បានយកដីរបស់ឈ្មោះ សុខ សាខឿន ភេទស្រី អាយុ៦៥ឆ្នាំ ទំហំជាង៤ហិកតា មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ទៅធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមួយទៀត ដោយក្លែងបន្លំ ដើម្បីបានកាន់កាប់លើដីកម្មសិទ្ធិរបស់ឈ្មោះ សុខ សាខឿន ។ ប៉ុន្តែបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វូខាយ ក៏បានបដិសេធរួចហើយដែរ៕ ដោយ៖ចេស្តា

 


ចែករំលែក៖