ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូ​ណា​ល់ ត្រាំ អះអាងសារ​ជាថ្មី​ថា៖ គំនិត​លោកលែង​ចង់​ធ្វើ​ជំនួញ​ជាមួយ​ចិន

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំអះអាងថា អាមេរិកនឹងមិនខាតបង់ទឹកប្រាក់អ្វីឡើយបើសិនជាមហាអំណាចសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន ឈប់ធ្វើពាណិជ្ជកម្មជាមួយគ្នាក៏ដោយនោះ មិនតែប៉ុណ្ណោះលោក ត្រាំ សង្កត់ធ្ងន់ថា គំនិតដែលលែងចង់ឲ្យសេដ្ឋកិច្ចអាមេរិកនិងចិនមានទំនាក់ទំនងជាមួយគ្នា គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ

លោក ដូណាល់ ត្រាំ ថ្លែងនៅក្នុងទិវាពលកម្មអាមេរិក កាលពីថ្ងៃទី ខែកញ្ញាថ្មីៗនេះ ដោយបានសន្យាថា នឹងនាំយកការងារដែលបាត់បង់ត្រឡប់ចូលមកក្នុងស្រុកវិញ លោកនិយាយបែបនេះ ដោយសំដៅទៅលើការងារដែលបាត់បង់ក្នុងទឹកដីអាមេរិក ដោយសារតែក្រុមក្រុមហ៊ុនរបស់ខ្លួនទៅវិនិយោគនិងបង្កើតការងារនៅចិនវិញ

លោក ត្រាំ បានបញ្ជាក់ថា «​យើងខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារដូច្នេះបើសិនជាយើងមិនធ្វើជំនួញចិន យើងនឹងមិនខាតប្រាក់រាប់លានដុល្លារនោះដែរ​»​ លោក ត្រាំ បន្ថែមថា ជាមួយនឹងការសន្យាថា នាពេលអនាគតរដ្ឋបាលរបស់លោកនឹងហាមប្រាមទីភ្នាក់ងារសហព័ន្ធមិនឲ្យចុះកិច្ចសន្យារកស៊ីជាមួយក្រុមហ៊ុនណាដែលចេញទៅផលិតនៅចិន និងឲ្យចិនទទួលខុសត្រូវចំពោះជំងឺ COVID-19 ដែលកំពុងសាយភាយជុំវិញពិភពលោកផង

បើតាមទីភ្នាក់ងារព័ត៌មាន Reuters និយាយថា លោក ត្រាំ ក៏ប្ដេជ្ញាថារដ្ឋបាលលោក នឹងធ្វើឲ្យអាមេរិកក្លាយជាមហាអំណាចផលិតកម្មរបស់ពិភពលោក និងបញ្ចប់ការពឹងពាក់លើចិនទាំងស្រុង បើតាមមេដឹកនាំអាមេរិករូបនេះ មិនថាការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ការដាក់ពន្ធនាំចូលឡើយ អាមេរិកនឹងបញ្ចប់ការពឹងពាក់លើចិន ព្រោះអាមេរិកមិនអាចពឹងប្រទេសនេះបានទេជាមួយគ្នានោះដែរ លោកត្រាំ ក៏គំរាមយកពន្ធលើក្រុមហ៊ុនណាដែលមិនបង្កើតការងារនៅអាមេរិក និងទៅបង្កើតការងារនៅចិនប្រទេសដទៃដែរ

គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ត្រាំ និយាយដល់រឿងឈប់រកស៊ីជាមួយចិន ប៉ុន្តែលោកប្រើពាក្យនេះកាន់តែខ្លាំងពេលការបោះឆ្នោតខិតកាន់តែកៀក ជុំវិញបញ្ហានេះ លោកSteven Mnuchin រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ធ្លាប់លើកឡើងក្នុងខែមិថុនាកន្លងទៅថា៖ ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងចិន អាចនឹងកើតឡើងមែន បើសិនជាក្រុមហ៊ុនអាមេរិកមិនត្រូវបាន អនុញ្ញាតឲ្យប្រកួតប្រជែងដោយយុត្តិធម៌ក្នុងសេដ្ឋកិច្ចចិននោះ

យ៉ាងណាមិញ ចំពោះគំនិតខាងលើ មិនទទួលបានការគាំទ្រឡើយ ទាំងមន្ត្រីអាមេរិក ក៏ដូចជាអ្នកវិភាគសេដ្ឋកិច្ចបាននាំគ្នាអះអាងថា គំនិតដែលចង់ផ្តាច់មិនឲ្យប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ចនឹងគ្នា គឺជារឿងមិនអាចធ្វើទៅរួចឡើយ ដោយហេតុថា សេដ្ឋកិច្ចរបស់ប្រទេសទាំងជាប់ជំពាក់ជំពិនគ្នាអស់ហើយ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន នៅអាចបន្តដាក់សម្ពាធឲ្យទីក្រុងប៉េកាំង បើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកធ្វើជំនួញដោយស្មើភាព៕ដោយ៖ស តារា


ចែករំលែក៖