ប្រេសុីល៖ នៅថ្ងៃទី៨ ខែកញ្ញា សារព័ត៌មាន Folha de Sao Paulo របស់ប្រេស៊ីលបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះដែលបានឲ្យដឹងថា ប្រេស៊ីលនឹង ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់នៅខែមករា ឆ្នាំ២០២១។
សារព័ត៌មានខាងលើបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសថា ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ចាក់បង្ការដល់ពលរដ្ឋនៅដើមឆ្នាំ២០២១ខាងមុខនេះ។
ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសឲ្យដឹងថា តាមគម្រោងប្រទេសនេះនឹងទទួលបានវ៉ាក់សាំងរហូតដល់១០០,៤លានដូសមានឈ្មោះថាAZD1222 ផលិតដោយមហាវិទ្យាល័យOxford សហការជាមួយក្រុមហ៊ុនឱសថ AstraZeneca ។ តាមការលើកឡើងរបស់មន្ត្រីសុខាភិបាលប្រេស៊ីល ដំណាក់កាលដំបូង ពលរដ្ឋងាយរងគ្រោះជាងគេនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការមុនគេ ។
បច្ចុប្បន្នរដ្ឋាភិបាលប្រេស៊ីលបានចុះហត្ថលេខាទិញវ៉ាក់សាំងតែមួយប្រភពប៉ុណ្ណោះ គឺ AstraZeneca ។ ប៉ុន្តែនៅក្នុងរដ្ឋ Sao Paulo និង Parana ក៏បានពិភាក្សាទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន និងរុស្ស៊ីផងដែរ ។
ប្រេស៊ីលជាប្រទេសឈរលំដាប់ទី៣នៅលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ-១៩។ មកទល់ថ្ងៃទី ៩ ខែកញ្ញា ប្រេស៊ីលមានករណីឆ្លងកូវីដ-១៩ជាង ១,៤លាននាក់ និងស្លាប់ជាង១២៦ពាន់នាក់៕
ដោយ៖ធី រីណា