ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯកចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានឆ្មក់ចូលបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក ចាន់ វណ្ណធឿន បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលដែលឆ្មក់ចូលបង្ក្រាបទីតាំងខាងលើត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនបារីESSE ។
ប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ច កំពុងតែមមាញឹកក្នុងការឆែកឆេរត្រួតពិនិត្យទៅលើវត្ថុធាតុដើមនិងសម្ភារវេចខ្ចប់ មានដូចជាសរសៃថ្នាំជក់ ក្រដាសកញ្ចប់បារីដែលមានម៉ាកESSE ក្រដាសកាតុង( កេស ) ម៉ាស៊ីនសម្រាប់មូរបារីដែលទើបតែនាំចូលមកថ្មីៗមួយចំនួនផងដែរ៕ដោយ៖ ឆ្លាមសមុទ្រ