ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តឡិចស៊ីសRX300បុកពេញទំហឹងបណ្តាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់និងបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់ជិះម៉ូតូឌុបនារីវ័យក្មេងម្នាក់បត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តឡិចសុីសRX300បុកពេញទំហឹងបណ្តាលឲ្យនារីម្នាក់ដែលជិះពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសជាអ្នកឌុបបានរងរបួសធ្ងន់។

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃពុធ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០វេលាម៉ោង ១១៖២៨នាទី ត្រង់ចំណុចមុខផ្លូវចូលស្តូបN. 6 វាងក្រុងក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ។   

  ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថារថយន្តបង្កហេតុម៉ាកឡិចសុីសRX. 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8849 បើកបរដោយឈ្មោះ ទ្បេង  ហៀង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ មុខរបរបើកបរថយន្ត បានបើកក្នុងទិសដៅពីត្បូងទៅជើង(ផ្លូវ ត្រង់)។

  ចំណែកម៉ូតូម៉ាកអុិចសុិនទ័រពណ៌ខ្មៅគ្មានស្លាកលេខ  បើកបរដោយឈ្មោះ លាភ  សុខទ្បេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះ ប្រុក ដាវ៉ាន់ ភេទស្រី  អាយុ២០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន   ខេត្តកំពង់ធំ មុខរបរ បុគ្គលិកតារាងបាល់  ស្លាប់នៅកន្លែងកើតហេតុ ធ្វើចរាចរណ៍ពីត្បូងទៅជើង ( បត់ឆ្វេង )។ គួរបញ្ជាក់ថាអ្នកជិះម៉ូតូទាំងពីរនាក់មិនមានពាក់មួកសុវត្ថិភាពទេ 

  ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបាននាំយកទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត 

  ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕ដោយ៖ សសម


ចែករំលែក៖