ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក Markus Buerfli ប្រធានទីភ្នាក់ការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូល ជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ចំពោះលោក Markus Buerli ដែលបានមកកាន់តួនាទីជាប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជា។ តាមរយៈលោកប្រធាន សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីស ដែលកន្លងមកបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេសការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាសកម្មភាពមួយផ្ដួចផ្ដើមឡើងក្រោមស្នាព្រះហស្ត សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ សម្ដេច្រឡាហោមក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីស ដែលបានជួយគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជានាពេលកន្លងមកផងដែរ។ សម្ដេចក្រឡាហោមបានបន្ថែមថា តាមរយៈផែនការ១០ឆ្នាំនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កម្ពុជាក៏សម្រេចបានសមិទ្ធផលធំៗមួយចំនួន ជាក់ស្ដែងចុងក្រោយនេះ កម្ពុជាបានផ្ទេរវិស័យសុខាភិបាលទៅឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ខណៈវិស័យអប់រំក៏កំពុងដំណើរការសាកល្បងនៅខេត្តបាត់ដំបងផងដែរ។ សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថានៅក្នុងពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតែដំណើរការផ្ទេរធនធាន និងសិទ្ធិអំណាចមួយចំនួនទៀត ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានដែរផ្ទេរនេះ គឺមានទាំងធនធានមនុស្ស និងធនធានថវិកា ដោយសម្ដេចបានបន្តថាថ្វីដ្បិតថាមានបញ្ហាប្រឈមមួយចំនួនបានកើតឡើងនៅក្នុងដំណើរការកំណែទម្រង់នេះ ក៏ប៉ុន្តែកម្ពុជាបានបោះជំហានមួយយ៉ាងធំ ហើយសម្ដេចពិតជាអរគុណស្វីស ដែលបានរួមចំណែកជាមួយកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ។ នៅក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោមក៏បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វីសកាលពីឆ្នាំ២០១៦កន្លងទៅ ដែលទស្សនកិច្ចនេះបានផ្ដល់ជាបទពិសោធន៍ មេរៀនយ៉ាងច្រើន សម្រាប់ជាធាតុចូលដល់ការរៀបចំដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយថាមានកិច្ចការបន្តទៀតដែលរាជរដ្ឋាភិបាលកំពុងខិតខំអនុវត្ត ជាពិសេសការកសាងកម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២ ដែលក៏មានការចូលរួមចំណែកជួយផ្ដល់អ្នកប្រឹក្សាយោបល់ចំនួន២រូបពីរាជរដ្ឋាភិបាលស្វីសដែរ។
ជាការឆ្លើយតប លោក Markus Buerli ប្រធានទីភ្នាក់ការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសប្រចាំនៅកម្ពុជាបានជម្រាបជូនសម្ដេចថា អង្គភាពមួយនេះបានដំណើរការជួយគាំទ្រវិស័យផ្សេងៗនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១២មក ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលស្វីសកំពុងតែរៀបចំយន្តការយុទ្ធសាស្រ្តគាំទ្របន្តទៀតសម្រាប់កម្ពុជាចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ខណៈស្វីសក៏បានចូលរួមចំណែកលើវិស័យមួយចំនួនជាមួយកម្ពុជាទាំងវិស័យកសិកម្ម វិស័យសន្តិសុខស្បៀង ការបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តទៀតផងដែរ។ ឯកឧត្តមក៏បានបង្ហាញការឯកភាពទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចដែលបានគូសបញ្ជាក់ថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺពិតជាមានការលំបាក និងជាដំណើរការមួយដ៏វែងឆ្ងាយ ប៉ុន្តែឯកឧត្តម ក៏បានកោតសរសើរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងវិស័យនេះនារយៈពេលកន្លងមក។
សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណរាជរដ្ឋាភិបាលស្វីសដែលបានបន្តចូលរួមជួយក្នុងដំណើរការកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសដំណើរការរៀបចំសេចក្ដីព្រាងផែនការកម្មវិធីជាតិ១០ឆ្នាំដំណាក់កាលទី២។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណជាថ្មីទៀតចំពោះការបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការរួមចំណែកថែរក្សានូវអ្វីដែលជាមរតកមន្ទីរពេទ្យគន្ធបុប្ផាឱ្យបាននៅឋិតថេរ ដើម្បីបន្តបំរើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា៕
ដោយ៖សិលា