ព័ត៌មានទាន់ហេតុការណ៍៖

បរិក្ខារអេឡិចត្រូនិចការិយាល័យសរុប១៥គ្រឿង ត្រូវបានមេបញ្ជាការកងទ័ពជើងគោកផ្តល់ជូនកងពលតូចថ្មើរជើងលេខ៤២

ចែករំលែក៖

ភ្នំពេញ៖ សម្ភារបរិក្ខារអេឡិចត្រូនិចបម្រើការឱ្យការិយាល័យរួមមានកុំព្យូទ័រលើតុចំនួន០៥ គ្រឿង កុំព្យូទ័រយួរដៃ(Laptop)ចំនួន០៥ គ្រឿង ម៉ាស៊ីន ព្រីនចំនួន០៥ គ្រឿង ត្រូវបាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៤២ ដើម្បីប្រើប្រាស់បម្រើដល់កិច្ចការងារចាំបាច់ជាច្រើនរបស់អង្គភាព។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ទោ សុខ រីណា មេបញ្ជាការរងយោធភូមិភាគទី៤ និងវរសេនីយ៍ទោ ចោម ថារស់ ជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀត។

ឧត្តមសេនីយ៍ទោ សុខ រីណា បានជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង ជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់បណ្តាអង្គភាព លោកក៏បានសន្យាថា និងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត៕

ដោយ៖សិលា


ចែករំលែក៖