អន្តរជាតិ៖ សារព័ត៌មាន Foxnews នៅថ្ងៃទី ៩ ខែកញ្ញាបានផ្សាយថា ដោយសារតែលោកត្រាំជួយដល់ ប្រទេសអុីស្រាអែលនិងប្រទេសអារ៉ាប់រួម (UAE) ឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះហើយទើបប្រធានាធិបតីរូបនេះត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព។
លោក Christian Tybring-Gjedde ប្រធានគណៈប្រតិភូប្រទេសន័រវេស នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូបានស្នើផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់ប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែការខិតខំរបស់លោក ផ្សះផ្សាវិវាទដែលអូសបន្លាយយូរជាងគេបំផុតលើពិភពលោក។
លោក Tybring-Gjedde បានលើកឡើងថា«ដោយសារតែលោកត្រាំបានខិតខំក្នុងការស្វែងរកសន្តិភាព និងបញ្ចប់វិវាទរវាងអុីស្រាអែលនិងពិភពអារ៉ាប់»។ នៅក្នុងលិខិតផ្ញើទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព លោកTybring-Gjedde បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាទំនាក់ទំនងអុីស្រាអែលនិងUAE ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីដូណាល់ ត្រំា និឹងធ្វើជាអធិបតី នៅក្នុងពិធីចុះកិច្ចព្រមព្រៀង រវាងអុីស្រាអែលនិង UAE នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៥ខែកញ្ញា ខាងមុខ ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ៕ដោយ៖ធី រីណា